BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ខកខានចូលរួមប្រជុំ G20 និង APEC ដោយសារតេស្តឃើញវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ខណៈពេលចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនចាកចេញពីកម្ពុជា សម្តេចបានធ្វើតេស្តរហស័សរកកូវីដ-១៩ ដោយលទ្ធផល គឺអវិជ្ជមានកូវីដ-១៩។
សម្តេចបានរៀបរាប់ដូច្នេះថា៖ «ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូណេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ-១៩។ ជាសំណាងមួយដែលយប់ម៉ិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។
នាយករដ្ឋមន្ត្រីបានអះអាងថា ដើម្បីសុវត្ថិភាព សម្តេចសម្រេចចិត្តដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃនេះ។ សម្តេចបញ្ជាក់ថា ទោះបីអាការសុខភាពធម្មតា ប៉ុន្តែសម្តេចនឹងបន្តធ្វើការ លើកលែងតែទទួលភ្ញៀវ។
សម្តេចតេជោ បានខកចិត្ត ដោយសារអាក់ខាននឹងជំនួបជាមួយនឹងប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបនៅបាកកកប្រទេសថៃនាកិច្ចប្រជុំ APEC៕