ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចពុំមានមហិច្ចតាដើម្បីកាន់ញញួរជាប្រធានអាស៊ានជាលើកទី៤នោះទេ ដោយថាសម្ដេចនឹងជ្រើសរើសពេលវេលាសមស្របដើម្បីចាកចេញ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែង១០ឆ្នាំទៀតសម្ដេចតេជោនៅតែអាចកាន់អំណាចដឹកនាំអាស៊ានបាន តែថាសម្ដេចពុំមានមហិច្ចតាធ្វើជាប្រធានអាស៊ានជាលើកទី៤នោះទេ។
សម្ដេចតេជោថា៖ «អ្នកអាចប្រណាំងប្រជែងជាមួយខ្ញុំលើរឿងនេះលើរឿងនោះ តែចំពោះការប្រណាំងប្រជែងជាមួយខ្ញុំលើព្រហ្មលិខិតដែលតាក់តែងខ្ញុំធ្វើជានាយករដ្ឋមន្ត្រីដែលវែងជាងគេនៅលើពិភពលោកនេះអ្នកឯងមិនអាចប្រណាំងបានទេ។ តែខ្ញុំមិនមានមហិច្ចតាដើម្បីទៅកាន់ញញួរជាលើកទី៤ទេ»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថាការសាងសង់វិមានសន្ដិភាពដែលជាវិមានរបស់រាជរដ្ឋាភិបាលគឺសម្រាប់មនុស្សជំនាន់ក្រោយបន្តការងារដឹកនេះរដ្ឋបន្តទៀត។
សម្ដេចតេជោបន្ថែមថា៖ «វិមានសន្តិភាពនេះមិនមែនធ្វើសម្រាប់តែ ហ៊ុន សែន អង្គុយទេ គឺសម្រាប់អ្នកដទៃទៀតអង្គុយហើយមិនមែនតែសម្រាប់តែ៤ ទៅ ១០ឆ្នាំទេ។ បើគេការពារបានល្អគេអាចអង្គុយបាន១០០ឆ្នាំទៀតឯណោះ យើងធ្វើសម្រាប់ក្មេងជំនាន់ក្រោយ»។
សម្ដេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជិត ៣៨ឆ្នាំហើយ ដែលបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងវែងជាងគេបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីព្រះចៅស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ និងបានកាន់តំណែងកំពូលនៃរដ្ឋាភិបាលកម្ពុជាចាប់តាំងពីពេលនោះមក៕