នាយករដ្ឋមន្ត្រីកោតសសើររដ្ឋមន្ត្រីការបរទេស និងមន្ត្រីពាក់ព័ន្ធដែលបានជួយឱ្យការប្រជុំអាស៊ានទទួលបានជោគជ័យ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងជំនួយការ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលជួយធ្វើឱ្យការប្រជុំអាស៊ានឆ្នាំ២០២២ បានទទួលជោគជ័យ ផ្ដល់នូវកិត្យានុភាពជាតិ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាធ្វើមេដឹកនាំអាស៊ានវាមិនមែនជាការងាយស្រួលទេបើសិនជាយើងមិនមានរដ្ឋមន្ត្រីការបរទេសវ៉ៃឆ្លាត ហើយបើសិនជាយើងគ្មានអ្នកជំនួយការវ៉ៃឆ្លាត និងអត់ធ្មត់ក្នុងការធ្វើការប្រហែលជាប្រធានអាស៊ានប្រហែលជាដួលកណ្ដាលផ្លូវតែម្ដង។ តែដោយសារសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេសរបស់យើង របស់ឧត្តមមន្ត្រីរបស់យើងធ្វើកិច្ចការបានដ៏ល្អបានធ្វើឱ្យយើងមានជោគជ័យ»។
កម្ពុជាបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានសំដែងនូវការពេញចិត្តចំពោះលទ្ធផលដែលបានសម្រេចបាននៅឆ្នាំ២០២២នេះ។
ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិត្យានុភាពជាតិកម្ពុជាត្រូវបានទទួលស្គាល់បន្ទាប់ពីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលនេះបញ្ចប់ដោយជោគជ័យ។ សម្ដេចតេជោ ប្រទេសកម្ពុជាជាប្រទេសតូច និងក្រីក្រតែកម្ពុជាអាចដឹកនាំកិច្ចប្រជុំថ្នាក់អន្តរជាតិបែបនេះបានជោគជ័យដែលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាមួយដែលគួរទទួលបាន៕