កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

សម្តេចតេជោស្នើនាយករដ្ឋមន្ត្រីនូវែលសេឡង់នាំចេញអង្ករ និងជំរុញការវិនិយោគនៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ជេស៊ីនដា អារដឺន (Jacinda Ardern)បន្តជំរុញការនាំចេញអង្ករ និងការវិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យកសិ-ឧស្សាហកម្ម និងរោងម៉ាស៊ីនកិនស្រូវជាដើម។

នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើបែបនេះនៅក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី ជេស៊ីនដា អារដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីនូវែលសេឡង់ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការសន្តិភាពនៅកម្ពុជា និងសម្រាប់ការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដែលផ្តោតលើវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ និងការបោសសំអាតមីន។

សម្ដេចក៏បានកោតសរសើរចំពោះការបន្តរួម ចំណែករបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមទាំងការផ្ដល់អាហារូបករណ៍ ដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរដ្ឋាភិបាល និងនិស្សិតកម្ពុជាផងដែរ។

ក្នុងជំនួបទ្វេភាគីនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការផ្សារភ្ជាប់ពាណិជ្ជកម្មកាន់តែខ្លាំងក្លា ការនាំចូល អង្ករបន្ថែមទៀតពីកម្ពុជាទៅកាន់នូវែលសេឡង់ និងការវិនិយោគពីប្រទេសនូវែលសេឡង់ លើវិស័យ កសិ-ឧស្សាហកម្ម ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។

លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ចំពោះភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងការរៀបចំដ៏ល្អក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ព្រមទាំងកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។

ចំពោះទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី ជេស៊ីនដា អារដឹន ចំពោះការគាំទ្ររបស់នូវែលសេឡង់ សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំរបស់នូវែលសេឡង់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន។

សម្តេចក៏បានបញ្ជាក់ប្រាប់លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ជាមួយគ្នានេះសម្តេចក៏បានលើកឡើងជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក