
ព្រះមហាក្សត្រព្រុយណេ និងបុត្រា យាងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីមាតុភូមិឆ្ពោះទៅប្រទេសឥណ្ឌណេស៊ី
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU'IZZADDIN WADD AUL AH) និងព្រះបុត្រា បានយាងចាកចេញពីកម្ពុជានៅរសៀលថ្ងៃនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ចាកចេញពីកម្ពុជានៅរសៀលម៉ោង២ថ្ងៃនេះដើម្បីឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូណេស៊ីដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា។
ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០៩-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានយាងអមដំណើរមកជាមួយនូវបុត្រាមួយអង្គផងដែរគឺព្រះអង្គម្ចាស់ Abdul Mateen ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលធ្វើឡើងចាប់ពីថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅរសៀលថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាជាច្រើនរូបអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកសម្តេចក៏នឹងបន្តចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃផងដែរ៕