ព្រះមហាក្សត្រព្រុយណេសម្តែងព្រះរាជអំណរសាទរចំពោះកម្ពុជាដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ានបានជោគជ័យ
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងជំនួបនេះព្រះចៅស៊ុលតង់ប្រុយណេ បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តិទៅបានយ៉ាងល្អនិងយ៉ាងជោគជ័យ។
ចំពោះទំនាក់ទំនងទ្វេភាគីវិញ ព្រះអង្គក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ ហើយព្រះអង្គក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាមួយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រនៃប្រទេសទាំងពីរ។
ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានយាងអមដំណើរមកជាមួយនូវបុត្រាមួយអង្គផងដែរគឺព្រះអង្គម្ចាស់ Abdul Mateen ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលធ្វើឡើងចាប់ពីថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕