រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីកាន់តែមានជំនឿចិត្តពីភាពរឹងមាំរបស់អាស៊ានបន្ទាប់ពីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានជោគជ័យ
សឹង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan បានលើកឡើងថាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាសក្ខីភាពបញ្ជាក់អំពីភាពរឹងមាំរបស់អាស៊ានក្នុងការប្រមូលផ្តុំដៃគូខាងក្រៅសម្រាប់ការសន្ទនា ជាពិសេសចំពេលដែលពិភពលោកកំពុងមានមានភាពចលាចល។
លោក Vivian Balakrishnan បានលើកឡើងលើទំព័រហ្វេសបុករបស់លោកនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថាលោករីករាយដែលអាស៊ានកំពុងពង្រីកភាពស៊ីជម្រៅនៃភាពជាដៃគូខាងក្រៅ។ ឆ្នាំនេះអាស៊ានបានបង្កើនទំនាក់ទំនងកិច្ចសន្ទនារបស់យើងជាមួយឥណ្ឌា និងសហរដ្ឋអាមេរិកទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSPs) ដោយថាភាពជាដៃគួរនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមទាំងសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ក្នុងតំបន់ ការផ្លាស់ប្តូរឌីជីថល និងទីក្រុងឆ្លាតវៃ។
លោកថា៖ «អាស៊ាននឹងនៅតែមើលទៅខាងក្រៅ និងពង្រីកភាពជាដៃគូរបស់យើងសម្រាប់ការបន្តសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់របស់យើង»។
កិច្ចប្រជុំអាស៊ីគឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកប្រទេសអាស៊ានទាំង១០ជាមួយប្រទេសឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ណូវ៉ែសេឡង់ អូស្ត្រាលី រុស្ស៊ី និងសហរដ្ឋអាមេរិក។
កម្ពុជាទើបតែបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះដោយជោគជ័យ។ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំនេះនឹងធ្វើឱ្យកម្ពុជាមានកិត្យានុភាពបន្ថែមទៀតក្នុងពិភពលោក៕