ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាកចេញពីកម្ពុជាបន្តទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាកចេញពីកម្ពុជាបន្តឆ្ពោះទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ីដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំបណ្តាប្រទេស និងគណៈប្រតិភូជាច្រើនរូបក៏បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញផងដែរ។
លោក ចូ បៃដិន មានវត្តមាននៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយអាមេរិក និងអាស៊ានបានប្រកាសទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្រៅពីចូលរួមកិច្ចប្រជុំអាស៊ាន លោកប្រធានាធិបតីអាមេរិក ក៏មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា។ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីអាមេរិក នឹងបន្តជួបគ្នាម្តងទៀតនៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា៕