លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចតេជោ៖ តំណែងជាប្រធានអាស៊ានមួយឆ្នាំពោរពេញទៅដោយអនុវស្សាវរីយ៍ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

ភ្នំពេញ៖ ប្រធានអាស៊ាន និងជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យ និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើន។ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់ញញួរផ្ទេរតំណែងប្រធានអាស៊ានទៅប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការកាន់តំណែងជាប្រធានអាស៊ានរយៈពេល ១ឆ្នាំកន្លងទៅនេះ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

សម្តេចតេជោបានគូសបញ្ជាក់ថា រយៈពេលមួយឆ្នាំដែលសម្តេចកាន់តំណែងជាប្រធានអាស៊ាន មានបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងពិភពលោក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោបានបន្តថា តែយ៉ាងណាក្តីអាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះប្រកបដោយលទ្ធផលល្អគួរជាទីគាប់ចិត្ត។

សម្តេចថ្លែងថា៖ «ខ្ញុំមានសេចក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្តល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ»។

សម្តេចបានបញ្ជាក់ថា ថ្វីដ្បិតកិច្ចប្រជុំកំពូលដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា បានបញ្ចប់នូវកិច្ចប្រជុំកំពូលចំនួន១៦ តែនេះគឺជារឿងដ៏លំបាកមួយ ខណៈក្នុងកិច្ចប្រជុំមួយនេះមានបញ្ហាប្រឈមជាច្រើនដែលត្រូវលើកមកពិភាក្សា និងដោះស្រាយរួមគ្នា។

ក្នុងរយៈពេល ៤ថ្ងៃនេះ អាស៊ានសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃ ក្នុងកិច្ចទំនាក់-ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ។

អាស៊ានក៏បានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំ ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហ-ប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនា។

ជាមួយគ្នានេះ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១នេះ ។ ដូចគ្នានេះដែរ ប្រទេស៦ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែសីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ប្រទេស ។

បន្ថែមពីនេះអាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី ២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនេះនាឆ្នាំ២០០២។

សម្រាប់ការកសាងសហគមន៍អាស៊ានវិញ អាស៊ានបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី៥៥ របស់អាស៊ាន និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។

លើសពីនេះអាស៊ានបានអនុម័ត សេចក្តី ថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ប្រកបដោយជោគជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។ ជាមួយគ្នានេះដែរអាស៊ានក៏មានក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។

សម្តេចបានថ្លែងថា៖ «ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថ-ប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល។ ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត»៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក