ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់នូវសំណើរបស់កាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដាឱ្យទៅជាដៃគូយុទ្ធសាស្ត្រតាមរយៈកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
ក្នុងកិច្ចប្រជុំទ្វេភាគីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៊ីជម្រៅ។
ប្រធានអាស៊ានបានគូសបញ្ជាក់ថា ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ព្យែ ទ្រូដូ មានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើតឱកាសក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល ៤៥ឆ្នាំមកនេះ អាស៊ានបានប្តេជ្ញា និងមានបំណងប្រាថ្នារួម ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងពីរ។
សម្តេចបន្តថា ភាពជាដៃគូដ៏យូរអង្វែងរបស់អាស៊ាន និងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។
សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។
គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕