
កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុលើគម្រោងជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប
ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប។ នេះបើយាងតាមសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអនុប្រធានាធិបតីឥណ្ឌា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រៅពីនេះថ្នាក់ដឹកនាំកំពូលទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើឯកសារចំនួន៣ បន្ថែមទៀត ក្នុងនោះគឺចុះ MOU រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា។ ចុះ MOU គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា និងចុះ MOU គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងគ្នា ដោយសម្តេចតេជោបានលើកទឹកចិត្តឱ្យប្រទេសឥណ្ឌាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរ ទស្សនកិច្ចជាលើកទី១របស់សម្ដេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មី ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ អនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុន។
អនុប្រធានាធិបតីឥណ្ឌាបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ថាប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត៕