ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងអំណរគុណប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារច្បាស់លាស់ចំពោះការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ខណៈចាត់ទុកអាស៊ាន មានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកគាំទ្រឯកភាពនិងមិត្តភាពអាស៊ាន។
ថ្លែងក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ លោក ចូ បៃឌិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លាន ពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ីក្រែន។ លោកបានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រឯកភាពនិងមិត្តភាពអាស៊ាន។
លោកប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណលោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។
សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ បានជម្រាបជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែងការប្រើប្រាស់នុយក្លេអ៊ែរ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។
ប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង។
តាមរយៈការគាំទ្រពីកម្ពុជា ប្រទេសអ៊ុយក្រែនបានក្លាយជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបន្ទាប់ពីបានចុះហត្ថលេខាលើកសន្ធិសញ្ញាមិត្តភាពនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ការចុះហត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែននៅថ្ងៃនេះ អ៊ុយក្រែននឹងក្លាយជាសមាជិកទី៥០៕