
សម្តេចតេជោស្នើដល់អូស្ត្រាលីបន្ដផ្ដល់ជំនួយ ដើម្បីជួយកម្ពុជាសម្រេចគោលដៅគ្មានមីននៅត្រឹមឆ្នាំ២០២៥
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចបានស្នើឱ្យអូស្រ្តាលីបន្តផ្តល់ជំនួយគំាទ្រដល់កម្ពុជាលើគម្រោងបោសសំអាតមីនដើម្បីសម្រេចបាននៅគោលដៅគ្មានមីននៅកម្ពុជានៅត្រឹមឆ្នាំ២០២៥។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការរួមចំណែក ដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណជិត ៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀតបានយ៉ាងទាន់ពេលវេលា។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានជម្រាបជូនសម្តេចតេជោថា អូស្ត្រាលីនឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថលថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតងនិងវិស័យដ៏ទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។
សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្នុងជំហានទី១ អង្គភាព CMAC បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥ គឺខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត ៣,០០០ហិកតា។ គិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ ភារកិច្ចនេះសម្រេចបានជិត ៨០ភាគរយនៃផែនការ៕