ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាជាច្រើនរូបអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកសម្តេចក៏នឹងបន្តចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សម្តេចតេជោនឹងអមដំណើរដោយរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត។

ក្នុងកិច្ចប្រជុំកំពូល G20 ខាងមុខនេះ សម្តេចតេជោនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយប្រធានាធិបតីបារាំង ហើយក៏រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុង និម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាពសំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នាយករដ្ឋមន្ត្រីកម្ពុជានឹងបន្តចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។

សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការ រវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។

អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅ ចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្តេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក