
ឥណ្ឌាអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចក្នុ្ងងខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងកម្ពុជា-ឥណ្ឌា
ភ្នំពេញ៖ អនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dhankha បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា និងចំណងមិត្តភាពនាពេលបច្ចុប្បន្ន លោកក៏បានបញ្ជាក់ថាប្រទេសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងដំណើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ក្នុងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជា-ឥណ្ឌាផងដែរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោក Jagdeep Dhankha បានលើកឡើងថាដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅប្រទេសឥណ្ឌាដើម្បីរឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឱ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាប្រទេសឥណ្ឌាគឺជាប្រទែសភ្ជាប់ទំនាក់ទំនងការទូតទី១ ដែលបានទទួលស្គាល់កម្ពុជាំក្រោយរំដោះប្រទេស ក្នុងនោះដែរសម្ដចក៏បានរំម្លឹកឡើងវិញអំពីដំណើទស្សនកិច្ចលើកទី១របស់សម្ដេចទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ១៩៨១ ផងដែរ។
លោកអនុប្រធានាធិបតីឥណ្ឌាបានវាយតម្លៃខ្ពស់ពីតួនាទីសំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា-ឥណ្ឌាទៅកាន់កម្រិតខ្ពស់ជាងមុន។
គួររំលឹកដែរថា កម្ពុជានិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតលើកដំបូងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥៦៕