ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។
ជំនួយការសម្តេចតេជោ គឺលោក អ៊ាង សុផាល្លែត បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី មុនឈានដល់ការបើកកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី លោកនាយករដ្ឋមន្ត្រីអូស្រា្តលីបានប្រាប់សម្តេចតេជោថា អូស្ត្រាលីនឹងនៅតែបន្តគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវៃឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។
ជាការឆ្លើយតបសម្តេចតេជោ បានសម្តែងការពេញចិត្តជាមួយទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី។
សម្តេចបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលកន្លងមកបានជួយកម្ពុជាក្នុងវិស័យកសិកម្ម ជួយកម្ពុជាស្វែងរកសុខសុវត្ថិភាព ជួយកម្ពុជាអភិវឌ្ឍធនធានមនុស្ស ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា និងចូលរួមចំណែកអភិវឌ្ឍកម្ពុជាតាមរយៈផ្តល់ជំនួយ និងជំរុញការវិនិយោគនៅកម្ពុជា៕