សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសយើងទាំងពីរ ក៏ដូចជាសហគមន៍អន្តរជាតិកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយសារជំងឺកូវីដ-១៩
(ភ្នំពេញ) : “នៅកម្ពុជាទោះ បីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញជាពិសេសក្រោយការផ្ទុះ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ បច្ចុប្បន្ន ក្រសួងសុខាភិបាលរួមជាមួយក្រុមគូពេទ្យស្ម័គ្រចិត្តក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជម្ងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា”។ នេះគឺជាសំណេរក្នុងលិខិតឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនលោក ង្វៀន ហ្វីចុង អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចតេជោបានបញ្ជាក់ក្នុងលិខិតឆ្លើយតបទៅលោក ង្វៀន ហ្វីចុង ថា ជាការពិតប្រទេសយើងទាំងពីរ ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្កវិបត្តិយ៉ាង ធំធេងចំពោះសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោបានកោតសរសើរចំពោះវិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្តល់ជំនួយដល់ សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ បានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់៕