អាស៊ានរំពឹងថានឹងអាចបង្កើនកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិកនៅឆ្នាំនេះ
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល អាស៊ាន និងអាមេរិក នឹងត្រូវដំឡើងកម្រិតទំនាក់ទំនងមួយកម្រិតទៀតទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមការរំពឹងទុករបស់អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ។
លោក គង់ ភោគ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកាថា៖ «ខ្ញុំរំពឹងថា គ្រប់យ៉ាងនឹងប្រព្រឹត្តទៅតាមផែនការ ដូច្នេះខ្ញុំសង្ឃឹមថាទាំងអស់គ្នាគឺអាចសប្បាយរីករាយជាមួយការបង្កើនទំនាក់ទំនងមួយនេះឲ្យទៅដល់កម្រិតមួយគ្រប់ជ្រុងជ្រោយ»។
លោក គង់ ភោគ បញ្ជាក់ថា សក្កានុពលនៃទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន មានវិសាលភាពធំធេងណាស់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។
បើតាមអ្នកនាំពាក្យរូបនេះ ការដំឡើងកម្រិតទំនាក់ទំនងនេះ នឹងនាំទៅដល់ការស្វែងរកនូវការសហការថ្មីៗថែមទៀត ដោយលោកបានលើកបង្ហាញថា រដ្ឋមន្ត្រីអាស៊ាននិងអាម៉េរិកនឹងជជែកពិភាក្សាគ្នាជាលើកដំបូងលើរឿងបញ្ហាបម្រែបម្រួលនិងបរិស្ថាន។
លោកបន្តថា លទ្ធផលដែលកើតចេញពីការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិកទៅកាន់ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលនេះទៀតសោតក៏កើតឡើងចំពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ នេះផងដែរ។
សូមបញ្ជាក់ដែរថា កាលពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន មេដឹកនាំអាស៊ាន និងអាមេរិក បានដាក់ការតាំងចិត្តដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ឱ្យទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅកិច្ចប្រជុំកំពូលអាស៊ាន៕