ប្រធាន WEF វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវអត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។
ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានកោតសរសើនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះនៅក្នុងឱកាសលោកជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្លស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវ អត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។
លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានលើកឡើងថា WEF មានមធ្យោបាយជាច្រើនដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។
សម្តេចតេជោ និងសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕