ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ បានបញ្ជាក់ថា គោលការណ៍អាស៊ានមិនទន់ភ្លន់ចំពោះមីយ៉ាន់ម៉ានោះទេ តែមានភាពបត់បែន ខណៈបញ្ជាក់ថា ប្រសិនជាកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចចំពោះមីយ៉ាន់ម៉ានៅតែមិនអាចចេញបាននោះនឹងមានការសើរើឡើងវិញ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ បានថ្លែងថាបញ្ហាប្រទេសមួយមិនអាចដោះស្រាយត្រឹម១ឆ្នាំ ឬ២ឆ្នាំនោះទេ វាត្រូវការពេលច្រើនឆ្នាំ និងត្រូវមានដំណាក់កាលក្នុងការរៀបចំ។ លោកបញ្ជាក់ថាក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានធ្វើកិច្ចការជាច្រើនដើម្បីបង្កើតជាផ្លូវតទៅទៀតដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
លោកថា៖ «ថ្វីត្បិតតែអាស៊ានបង្ហាញពីភាពបទបែនក៏អាស៊ានបង្ហាញពីភាពច្បាស់លាស់ផងដែរ។ ដូច្នេះហើយបានជាយើងឃើញសេចក្ដីប្រកាសរបស់អាស៊ានពាក់ព័ន្ធនឹងជំនួយថ្មីៗដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា»។
លោកបញ្ជាក់ទៀតថា ប្រសិនជាអ្វីដែលអាស៊ានបានធ្វើហើយនៅតែគ្មានភាពវិជ្ជមាននោះអាស៊ាននឹងធ្វើការសើរើឡើងវិញដើម្បីធ្វើយ៉ាងណាឱ្យការសម្រេចរបស់អាស៊ានមានប្រសិទ្ធភាពខ្ពស់។
លោក គង់ ភោគ សង្ឃឹមថាភាគីមីយ៉ាន់ម៉ានឹងផ្ដល់ការបទបែន និងសហការជាមួយអាស៊ានដោយថាទាំងនេះគឺជាប្រយោជន៍សម្រាប់មីយ៉ាន់ម៉ាផ្ទាល់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។ អាស៊ានកត់សម្គាល់ថា រយៈពេល ១០ខែដែលកម្ពុជាជាប្រធានអាស៊ាន ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចមានភាពជឿនលឿនតិចតូច ដោយកងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជំរុញលើកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច ត្រូវតែនៅជាឯកសារយោងដែលមានសុពលភាព និងគួរតែត្រូវបានអនុវត្តទាំងស្រុង៕