
អគ្គលេខាធិការអង្គការUN អរគុណប្រធានអាស៊ានសម្រាប់កិច្ចប្រឹងប្រែង ខណៈពិភពលោកកំពុងប្រឈមបញ្ហាសកល និងវិបត្តិនយោបាយ
ភ្នំពេញ៖ ក្នុងអំឡុងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្ថិតនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោកបានបង្ហោះសារនៅក្នុងTwitter នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា អរគុណកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ខណៈបច្ចុប្បន្នពិភពលោកកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងដូច្នេះថា៖«ខ្ញុំសូមអរគុណប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងអំឡុងពេលនៃការប្រឈមបញ្ហាសកលនានាដូចពេលបច្ចុប្បន្ននេះ»។
លោកបានលើកឡើងថា អាស៊ានទាំងអស់ត្រូវពង្រឹងសកម្មភាពរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយពហុភាគី និងដើម្បីសម្រេចឱ្យបានមកវិញនូវគោលដៅសកល។ លោកបន្តថា អង្គការក្នុងក្របខណ្ឌតំបន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
នៅកិច្ចប្រជុំអាស៊ានដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ មានបញ្ហាតំបន់និងសកលជាច្រើនដែលត្រូវលើកមកពិភាក្សា និងត្រូវដោះស្រាយ ហើយរឿងរ៉ាវធំ និងក្តៅបំផុតនោះគឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយជិត៩ខែកន្លងមកនេះ ក៏ដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាដើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) លោក Antonio Guterres បានអញ្ជើញមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ អង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធនានា៕