ភ្នំពេញ៖ ខុសពីឆ្នាំមុនៗ រឿងរ៉ាវសមុទ្រចិនខាងត្បូង ដែលជាបញ្ហាសន្តិសុខប្រពៃណី លែងក្លាយជាប្រធានបទក្តៅគគុករបស់មេដឹកនាំអាស៊ានដាក់លើតុជជែកពិភាក្សានៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ ក្នុងសន្និសីទព័ត៌មាននៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា។
ទោះបីបញ្ហាសមុទ្រចិនខាងត្បូងពុំមែនជាដុំថ្មក្តៅក៏ពិតមែន ប៉ុន្តែលោក គង់ ភោគ បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាសំខាន់មួយក្នុងតំបន់ ហើយលោកក៏កត់សម្គាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សំណុំរឿងសមុទ្រចិនខាងត្បូងមានភាពស្ងប់ស្ងាត់ ពោលគឺមិនមែនការផ្ទុះជម្លោះ ឬក៏ខ្វែងគំនិតគ្នាអ្វីឡើយ។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ទៀតថា៖ «ប៉ុន្តែក៏ [មាន] តិចតួច មិននាំដល់ការប៉ះទង្គិចគ្នានោះដែរ»។ ទន្ទឹមនឹងការកត់សម្គាល់បែបនេះ លោក គង់ ភោគ បានបកស្រាយបន្ថែមថា ភាគីពាក់ព័ន្ធក្នុងជម្លោះប្រពៃណីនេះ បានព្យាយាមសហការគ្នាទៅលើអ្វីដែលអាចសហការគ្នាបាន ហើយពួកគេក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដើម្បីដោះស្រាយ។
បើតាមការសង្កេត កិច្ចប្រជុំអាស៊ានដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ មានបញ្ហាតំបន់និងសកលច្រើនដែលត្រូវដោះស្រាយ ហើយរឿងរ៉ាវធំ និងក្តៅបំផុតនោះគឺសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលអូសបន្លាយជិត៩ខែកន្លងមកនេះ ក៏ដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាដើម។ នេះក៏មិនទាន់រាប់បញ្ចូលវិបត្តិសេដ្ឋកិច្ចសកលក្រោយកូវីដ-១៩៕