កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ថ្នាក់ដឹកនាំអាស៊ានត្រួតពិនិត្យលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។

ថ្នាក់ដឹកនាំអាស៊ានបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

វិបត្តិនៅមីយ៉ាន់ម៉ាគឺនៅតែជាប្រធានបទដ៏សំខាន់ដែលយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខណៈស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែមានភាពផុយស្រួយ ពោលគឺកាន់តែមានការកើនឡើងនូវអំពើហិង្សាដែលជាក្តីកង្វល់ប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។

ក្នុងន័យនេះអាស៊ានបានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩។

អាស៊ានកត់សម្គាល់ថា រយៈពេល ១០ខែដែលកម្ពុជាជាប្រធានអាស៊ាន ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចមានភាពជឿនលឿនតិចតូច ដោយកងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជំរុញលើកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច ត្រូវតែនៅជាឯកសារយោងដែលមានសុពលភាព និងគួរតែត្រូវបានអនុវត្តទាំងស្រុង។

អាស៊ានត្រូវចាំបាច់ត្រូវមានផែនការអនុវត្តដែលបង្ហាញពីសូចនាកររឹងមាំ ជាក់ស្ដែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ហើយត្រូវតែរៀបចំឡើងប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសអាស៊ានរៀបចំផែនការអនុវត្តនេះ។

បន្ថែមពីនេះអាស៊ានក៏ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ និងអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងឱ្យអាស៊ានទាក់ទងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់។ ជាពិសេសប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាត្រូវមានអព្យាក្រឹតភាពក្នុងការសម្រេចឱ្យបាននូវគោលបំណងស្តារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ទន្ទឹមនេះអាស៊ានក៏ត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀតដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។

អាស៊ានបានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា។ ជាមួយគ្នានេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធគួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សានៅមីយ៉ាន់ម៉ា។

ជាមួយគ្នានេះអាស៊ានបានអំពាវនាវដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យសម្រួលសម្រួលដល់ការងាររបស់អគ្គលេខាធិការ អាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ក្នុងការផ្ដល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដល់ប្រជាជនទាំងអស់ដែលកំពុងខ្វះខាត ដោយមិនមានការរើសអើង។

ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់សារជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីសមិនអាចសម្រេចបានស្របតាមធម្មនុញ្ញអាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក