
លោក គង់ ភោគ៖ អ៊ុយក្រែននឹងចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញថា ប្រទេសអ៊ុយក្រែននៅថ្ងៃនេះនឹងចុះហត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
រដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា ការចុះហេត្ថលេខាលើលិខិតតុបករណ៍នៃការចូលក្នុងសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែននៅថ្ងៃនេះ អ៊ុយក្រែននឹងក្លាយជាសមាជិកទី៥០។
បើតាមលោករដ្ឋលេខាធិការក្រសួងការបរទេស ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាមានដៃគូសរុបចំនួន៧ហើយដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
រដ្ឋលេខាធិការក្រសួងការបរទេសបានរៀបរាប់ថា៖ «នេះជាសមទ្ធិភាពដ៏ធំមួយសម្រាប់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំដែលកម្ពុជាទទួលបានដៃគូរហូតដល់៧ ដែលបានចូលក្នុងសន្ធិសញ្ញាមួយនេះ ដោយចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពមួយនេះមិនសូវកើតមានឡើងជាញឹកញាប់ទេ ហើយនេះជាមោទកភាពមួយសម្រាប់យើងទាំងអស់គ្នាដែលអាចបង្កើនភាពជាដៃគូ ដូចជាទាក់ទាញចំណាប់អារម្មណ៍ និងគាំទ្រពីប្រទេសមកពីក្រៅតំបន់»។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួនទៀតផងដែរ ក្នុងនោះកិច្ចប្រជុំក្រុមប្រឹក្សាសហគមនយោបាយ សន្តិសុខអាស៊ានលើកទី២៥ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងព្រះរាជសវនាការរបស់ព្រះមហាក្សត្រខ្មែរជាមួយនឹងប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ាន។
បើតាមលោករដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភា តំណាងយុវជន និងក្រុមប្រឹក្សាធុរជនអាស៊ានដែលដឹកនាំដោយនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន។
លោក គង់ ភោគ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី២៥ ថ្នាក់ដឹកនាំអាស៊ានទាំងអស់នឹងមានការពិភាក្សាត្រួតពិនិត្យឡើងវិញនូវការវិវត្តថ្មីៗតាមវិស័យក្រោមសសរស្តុម្ភសហគមនយោបាយសហគមន៍អាស៊ាន និងតាមដានការអនុវត្ត និងការត្រួតពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវលម្អិត សហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ២០២៥។
លោករដ្ឋលេខាធិការក្រសួងការបរទេសបានបន្តថា សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១នៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យឡើងវិញនូវវឌ្ឍភាពនៃការអនុវត្តគំនិតផ្គួចផ្តើមគន្លឹះរបស់អាស៊ាន អាទិភាព និងការសម្រេចសម្រាប់ឆ្នាំ២០២២ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការដាក់ពាក្យស្នើសុំចូលសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត។
គូសបញ្ជាក់ថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងបង្កប់នូវគោលការណ៍ជាសកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងចំណោមរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សន្ធិសញ្ញានេះត្រូវបានធ្វើវិសោធនកម្មចំនួន ៣ដង គឺនៅឆ្នាំ១៩៩៧ ឆ្នាំ១៩៩៨ និង២០១០ ដើម្បីអនុញ្ញាតឱ្យចូលជាសមាជិកដោយរដ្ឋនៅក្រៅអាស៊ីអាគ្នេយ៍ ក៏ដូចជាសម្រាប់អង្គការក្នុងតំបន់ដែលមានសមាជិកជារដ្ឋអធិបតេយ្យ ក្នុងចំណោមប្រទេសដទៃទៀត៕