ភ្នំពេញ៖ ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារូហ្សាឡឹម ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) បានដឹកនាំគណៈប្រតិភូយាងមកដល់កម្ពុជា នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ដំណើរយាងមកដល់កម្ពុជារបស់ព្រះចៅស៊ុលតង់ បានបង្កការភ្ញាក់ផ្អើល ដោយព្រះចៅស៊ុលតង់បានយាងបើកយន្តហោះដោយព្រះអង្គ ឯងមកកាន់កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ព្រះមហាក្សត្រព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជាតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។
ព្រះចៅស៊ុលតង់ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មកនឹងយាង និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។
ព្រះចៅស៊ុលតង់នៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕