ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានធ្វើដំណើរមកដល់កម្ពុជាដោយបានជួបនិងអរគុណនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលមានជំហរគាំទ្រដល់អ៊ុយក្រែនចំពោះពីការឈ្លានពានពីរុស្ស៊ី។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោក Dmytro Kuleba បានចូលរួមអបអរដល់ខួប៦៩ឆ្នាំនៃបុណ្យឯករាជ្យកម្ពុជា និងបានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានដែលមានជំហរច្បាស់លាស់ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ជំនួយការនាយករដ្ឋមន្ត្រីលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ឯកឧត្តម Kuleba ក៏បានគោរពថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រចេញសេចក្ដីថ្លែងការណ៍របស់មន្ត្រីការបរទេសអាស៊ាន ដែលបង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែនដែលបង្ហាញពីការទាមទារឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់ និងងាយមកការចរចារបញ្ចប់សង្គ្រាមផង និងធ្វើជាស្ថាបនិកគាំទ្រចំពោះសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែនផង»។
លោក Kuleba បានកោតសរសើរកម្ពុជាដែលបានងើបពីសង្គ្រាមហើយកសាងប្រទេសឱ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃដែលថានេះជាក្ដីស្រមៃរបស់អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមដែលអាចយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែននាពេលបច្ចុប្បន្ន។ សម្ដេចបញ្ជាក់ថា គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ គឺការគោរពនូវច្បាប់អន្តរជាតិ ហើយកម្ពុជាក៏ប្រឆាំងនូវការឈ្លានពានគំរាមកំហែងលើឯករាជ្យភាពបូរណភាពទឹកដីផងដែរ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រជាពលរដ្ឋ និងប្រទេសអ៊ុយក្រែនអាចទទួលបានសន្ដិភាព និងការអភិវឌ្ឍន៍នាពេលឆាប់ៗខាងមុខផងដែរ។
កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង។
ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទ កាលពីថ្ងៃទី២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការសោកស្ដាយចំពោះការបាត់បង់ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្ដេចបានប្រាប់ទៅប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ថា «គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ» ជាមួយនឹងការពិភាក្សានេះសម្ដេចតេជោក៏ប្រកាសបញ្ជូនអ្នកដោះមីនទៅជួយប្រទេសអ៊ុយក្រែន ហើយសម្ដេចផ្ទាល់ក៏គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះផងដែរ៕