ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ប្រវតិ្តនៃការដណ្តើមឯករាជ្យជាតិពីអាណានិគមបារាំង ៩ វិច្ឆិកា ឆ្នាំ១៩៥៣

ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាតែងតែងប្រារព្ធពិធីអបអរសាទរចំពោះជ័យជម្នះមួយនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរទិវាបុណ្យ ឯករាជ្យជាតិ ផងដែរ តាមរយៈការប្តូរផ្ទាំងរូបភាពលើ Homepage ដោយបង្ហាញរូបទង់ជាតិកម្ពុជា និងអមដោយរូបវិមានឯករាជ្យផងដែរ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺធ្វើឡើងដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

ប្រវត្តិនៃការសាងសង់វិមាន ឯករាជ្យជាតិនៅផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានឯករាជ្យត្រូវបានសាងសង់ឡើងក្រោយពីកម្ពុជាទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមន៍បារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វិមានឯករាជ្យត្រូវបានសាងសង់រួចជាស្ថាពរ និងសម្ពាធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។

វិមានឯករាជ្យនេះ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ។ វិមានឯករាជរាជ្យមានកម្ពស់ ២០ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់ ២០, ១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដរចនាបថ របស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

នៅត្រង់ក្បាលពស់នាគរាជចំនួន១០០នៃវិមានឯករាជរាជ្យ មានឯកសារខ្លះ បានបញ្ជាក់ថា សាងសង់ឡើងដោយយកតាមចំនួនឆ្នាំដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលម្អវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយនៅឆ្នាំ២០១២ ក៏បានកែលម្អវិមានឯករាជរាជ្យម្តងទៀតដោយរៀបចំឱ្យមានភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត និងរៀបចំសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនផងដែរ។

ជីវប្រវត្តិសង្ខេបរបស់ព្រះសម្តេចព្រះ នរោត្តម សីហនុ ក្នុងការតស៊ូដណ្តើម ឯករាជ្យជូនមាតុភូមិកម្ពុជាពីបារាំង

សម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយសារព្រះជរាពាធ នៅមន្ទីរពេទ្យ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប ១០ឆ្នាំហើយនៃការ សោយ ទិវង្គត របស់ សម្ដេចព្រះ បរម រតន កោដ្ឋ ។ ដ្បិតតែព្រះកាយរបស់ សម្តេចព្រះបរមរតនកោដ្ឋបានឃ្លាតឆ្ងាយពី កម្ពុជាក្តី ប៉ុន្តែពលរដ្ឋកម្ពុជា គឺនៅតែ នឹករឭក និងចងចាំ ដល់ស្នា ព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលធ្វើឲ្យពលរដ្ឋ ខ្មែរ មិនអាចបំភ្លេចបានឡើយលើការបង្រួបបង្រួមជាតិ និងការទាមទារឯករាជ្យពីបារាំង ។

ព្រះអង្គ ទ្រង់បានប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ សម្តេចព្រះ នរោត្តម សីហនុ បាន ឡើងគ្រងរាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែរ ចំនួន២លើក ហើយក៏បានដាក់រាជ្យចំនួន ២លើកផងដែរ។ ព្រះអង្គបានឡើងគ្រងរាជ្យនៅព្រះជន្ម ១៨ព្រះវស្សានៅ ខែមេសា ឆ្នាំ១៩៤១ ក្នុងពេលដែលកម្ពុជា ស្ថិតក្រោមអាណានិគមបារាំង បន្ទាប់ពីព្រះបាទ មុនីវង្សបានចូលទិវង្គត។ ក្នុងអំឡុងព្រះអង្គបានគ្រងរាជ្យនោះ ព្រះអង្គបានបានតស៊ូទាមទារឯករាជ្យពីបារាំងរហូតដល់បានសម្រេចនៅ ឆ្នាំ១៩៥៣។

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ទ្រង់បានស្តេចយាងឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។

សម្តេចព្រះ នរោត្តម សីហនុ បានថ្លែងព្រះរាជសុន្ទរកថាដែលធ្វើឱ្យកាសែតញូវយ៉កថែមបានចុះផ្សាយខ្ទរខ្ទារពេញពិភពលោក ទើបបង្គំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើការចរចាជាមួយតំណាងផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន គឺលោក ប៉ែន នុត និងលោក សម សារី។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាង មកកាន់រាជធានីភ្នំពេញ វិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ព្រះអង្គបានថ្លែងព្រះសុន្ទរកថាដល់ប្រជាពលរដ្ឋខ្មែរយ៉ាងមហោឡារិកថា ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ។

ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំ របស់ឯកឧត្តម ប៉ែន នុត បានសម្រេចដោយជោគជ័យទាំងស្រុង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ សមត្ថកិច្ចរបស់ប៉ូលិស នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិស ចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ឡង់ ក្លាត បានប្រគល់‎យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួន ថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការ របស់បារាំង បានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យ អចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។

ពីរឆ្នាំ ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារំាង ព្រះបាទ នរោត្តម សីហនុ បានដាក់រាជ្យទៅឲ្យព្រះបិតារបស់ព្រះអង្គវិញ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយទទួល ងារជា “សម្តេច ព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្តេច ព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូតមកជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង។

រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដែល ព្រះអង្គ ត្រូវ បាន ក្រុម របស់ សេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ ពី តំណែងពីប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម ក្នុងពេល ដែល ព្រះអង្គ កំពុង បំពេញ ទស្សនកិច្ច នៅ ទីក្រុង ម៉ូស្គូ សហភាព សូវៀត។ ការទម្លាក់តំណែងព្រះបាទ នរោត្តម សីហនុ ក្រោយពីមានចលនាប្រឆាំងនឹងជនជាតិវៀតណាមនៅកម្ពុជា។

រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្តេចព្រះនរោត្តសីហនុ បានឡើងគ្រងរាជ្យជាលើកទី២។ នៅ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គក៏បានប្រកាសដាក់រាជ្យវិញដោយសារតែបញ្ហាសុខភាពព្រះកាយរបស់ព្រះអង្គ។

ដំណើរឆ្ពោះទៅកាន់ការអនុវត្តនយោបាយឈ្នះឈ្នះ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យភាព កម្ពុជាក៏បន្តញាំញីក្នុងរបបប្រល័យពូជសាសន៍ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានក្បាលម៉ាស៊ីន ដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។

ពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាមទាំងយប់ ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ អាចទុកជាជំហានដំបូងរបស់សមមិត្តទាំង៥រូប ក្នុងការស្វះស្វែងរកផ្លូវ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ពេលទៅដល់វៀតណាម សមមិត្តទាំង៥រូប បានស្នាក់នៅ និងរៀនសូត្រនៅទីនោះអស់មួយរយៈ។

រហូតដល់ឆ្នាំ១៩៧៨ នៅថ្ងៃទី២ ខែធ្នូ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើងដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន រួមទាំងសមមិត្តផ្សេងទៀត ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ គោលបំណងតែមួយគត់នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា គឺដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរបបខ្មែរក្រហម។ ការបង្កើតរណសិរ្សនេះ អាចចាត់ទុកជាជំហានទី២។

ក្រោមជំនួយពីកងទ័ពវៀតណាម រណសិរ្សសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសសន៍ខ្មែរក្រហមបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ នេះអាចចាត់ទុកជាជំហានទី៣។

គួរកត់សម្គាល់ថា ទោះបើជាខ្មែរក្រហម ដួលរលំហើយក្តីតែ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ។ ពេលខ្មែរក្រហមដួលរលំភ្លាមៗ រដ្ឋាភិបាលកម្ពុជានៅមានការប្រយុទ្ធគ្នាជាមួយទ័ពខ្មែរក្រហម នៅឡើយដោយកាលនោះ ពួកគេបន្តលាក់ខ្លួននៅតាមតំបន់ផ្សេងៗ ដូចជានៅអន្លង់វែងជាដើម ។

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថាកម្ពុជាមាន សន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុងចាប់ពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មកក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ហ៊ុន សែន ។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អាចទុកជាជំហានចុងក្រោយក្នុងការស្វែងរកសុខសន្តិភាព។ ពោលគឺ បញ្ចប់អស់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំនៃសង្គ្រាមស៊ីវិល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក