នាយករដ្ឋមន្ត្រីជំរុញវិនិយោគិនវៀតណាមបណ្ដាក់ទុនមកកម្ពុជាខណៈក្នុងឆ្នាំ២០២២ ពុំទាន់មានគម្រោងវិនិយោគណាមួយពីវៀតណាម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់វិនិយោគិនវៀតណាម ឱ្យបណ្ដាក់ទុនបន្ថែមមកដល់ប្រទេសកម្ពុជា ខណៈដែលសម្ដេចបានកត់សម្គាល់ថានៅក្នុងឆ្នាំ២០២២ ពុំទាន់មានក្រុមហ៊ុនវៀតណាមណាមួយបណ្ដាក់ទុនវិនិយោគនៅកម្ពុជានៅឡើយទេ។
សម្ដេចតេជោបានថ្លែង នៅក្នុងវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២២ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ថ្វីត្បិតតែទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើន ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសគឺនៅក្នុងឆ្នាំ២០២២ ការវិនិយោគបន្ថែមពីប្រទេសវៀតណាមគឺពុំមាននោះទេ ដែលជាមូលហេតុធ្វើអោយសម្ដេចជំរុញឲ្យមានការវិនិយោគបន្ថែមនេះ។
បើទោះជាងណាសម្ដេចតេជោ បានបង្ហាញពីការពេញចិត្តចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ដែលរហូតមកដល់ពេលនេះសម្រេចបានជាង ១ម៉ឺនលានដុល្លារអាមេរិក ដែលលើសពីការរំពឹងទុក៕