ស្នងការខេត្តកណ្តាលបំភ្លឺថាពុំមានករណីផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ដូចដែលម្ចាស់គណនីហ្វេសប៊ុក «Nhom Phearom» បង្ហោះឡើយ
កណ្តាល៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Nhom Phearom» បានសរសេរសារ និងបង្ហោះវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ថាប៉ូលិសចរាចរណ៍ក្រុងតាខ្មៅបានចាប់ផាកពិន័យម៉ូតូចំនួន ៥គ្រឿងដែលជិះបញ្ច្រាសទិស ដោយក្នុងមួយម៉ូតូពិន័យ ១០ម៉ឺនរៀល។ ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបដិសេធថាការផ្សព្វផ្សាយរបស់ម្ចាស់គណនីខាងលើនេះជាព័ត៌មានមិនពិតឡើយ។
គណនីហ្វេសប៊ុកឈ្មោះ Nhom Phearom បានបង្ហោះវីដេអូ និងខ្លឹមសារ លើសង្គមហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃឈប់សម្រាកបុណ្យអុំទូកនាំគ្នាទៅលេងស្រុកមកតាមផ្លូវតាខ្មៅ ត្រូវលោកប៉ូលីសចាប់ផាកពិន័យ ១០ម៉ឺនរៀលក្នុងម៉ូតូ ១គ្រឿង ម៉ូតូពួកខ្ញុំមាន ៥គ្រឿងសរុបជាទឹកប្រាក់ ៥០ម៉ឺនរៀល ខ្ញុំទទួលស្គាល់ថាពួកខ្ញុំខុស ជិះម៉ូតូបញ្រ្ចាស់ ប៉ុន្តែពួកខ្ញុំព្យាយាមសម្រួលជាមួយគាត់យ៉ាងណាក៏មិនព្រមដែរ ពួកខ្ញុំជាកម្មកររោងចក្រមានលុយឯណាអោយគាត់ផាកពិន័យដល់ទៅ ១០ម៉ឺននោះ។ ពួកខ្ញុំព្យាយាមនិយាយសម្រួលជាមួយគាត់យ៉ាងណា ក៏គាត់មិនព្រមដែរ បងប្អូនដែលមិនធ្លាប់ជិះកាត់ផ្លូវតាខ្មៅ ដូចជាពួកខ្ញុំជួយប្រយ័ត្នផង ជិះតាមផ្លូវហ្នឹងមក មើលមិនដឹងថាផ្លូវនឹងបញ្រ្ចាសទេ មើលមុខគាត់ទៅមិនលើកលែងអោយអ្នកណាទាំងអស់»។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅចុះស្រាវជ្រាវ និងបំភ្លឺ។
ជាក់ស្តែង លោកអធិការនគរបាលក្រុងតាខ្មៅបានបញ្ជាឲ្យផ្នែកសេនាធិការ ហៅមន្ត្រីផ្នែកចរាចរណ៍ដែលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកខាងលើមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមការបំភ្លឺពីមន្រ្តីផ្នែកចរាចរណ៍ លោកអនុសេនីយ៍ឯក សៀម ប៉ូច និងមន្រ្តីផ្នែកចរាចរណ៍ លោកអនុសេនីយ៍ឯក ឯម សុគន្ឋ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចគោលដៅខាងកើតសាលាខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានឈរអនុវត្តច្បាប់ចរាចរណ៍ត្រង់ចំណុចគោលខាងលើ ក្រោយមកក៏មានម៉ូតូចំនួន ៥គ្រឿង បើកបរបញ្រ្ចាសផ្លាកសញ្ញាហាមឃាត់ខុសច្បាប់។ ខណៈនោះលោកអនុសេនីយ៍ឯក សៀម ប៉ូច បានឃាត់ម៉ូតូទាំងនោះដើម្បីណែនាំអប់រំពីច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ឱ្យពួកគាត់បានយល់ពីគ្រោះថ្នាក់ផ្សេងៗ។
បន្ទាប់មកពួកគាត់ក៏បានសួរលោកអនុសេនីយ៍ឯក សៀម ប៉ូច ពីច្បាប់ត្រូវផាកពិន័យ ហើយលោកក៏បានប្រាប់ទៅពួកគាត់វិញថា «តាមច្បាប់ចរាចរណ៍ ចំពោះម៉ូតូដែលល្មើសនឹងផ្លាកសញ្ញាហាមឃាត់ ត្រូវពិន័យជាទឹកប្រាក់ចំនួន ១០ម៉ឺនរៀល «អត់មានមួកសុវត្ថិភាព ត្រូវពិន័យចំនួន ៦ម៉ឺនរៀល ក្រោយពីធ្វើការណែនាំរួចលោកអនុសេនីយ៍ឯក សៀម ប៉ូច បានឱ្យពួកគាត់ត្រឡប់ទៅក្រោយវិញ ដោយមិនបានផាកពិន័យនោះទេ។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមច្រានចោលទាំងស្រុងទៅលើម្ចាស់គណនីហ្វេសប៊ុក Nhom Phearom ដែលបានបង្ហោះលើបណ្តាញសង្គមថា មន្រ្តីផ្នែកចរាចរណ៍បានផាកពិន័យ ក្នុងម៉ូតូ ១គ្រឿង ១០ម៉ឺនរៀល មិនមែនជាការពិតឡើយ៕