ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានជំរុញទៅអ្នកវិនិយោគវៀតណាមឱ្យបណ្ដាក់ទុនវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដោយថានឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈកិច្ចព្រមព្រៀងនានាដែលកម្ពុជានិងវៀតណាមសម្រេចបាន។
ថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សុខ ចិន្តាសោភា បានថ្លែងថា ដោយជំរុញដល់អ្នកវិនិយោគវៀតណាមឲ្យសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ឬក៏វិនិយោគទុនរួមគ្នាជាមួយនឹងអ្នកវិនិយោគកម្ពុជាដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនពីពាណិជ្ជកម្មសេរីទាំងទ្វេភាគីនិងពហុភាគីដែលមានស្រាប់ក្នុងតំបន់។
វៀតណាមបានក្លាយជាប្រទេសក្នុងអាស៊ានលំដាប់ទី១ ដែលវិនិយោគនៅកម្ពុជា ខណៈក្នុងរយៈពេល ៦ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានសម្រេចក្នុងទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕