ស្លាប់ និងរបួសធ្ងន់-ស្រាលចំនួន៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ៣គ្រឿងបុកបន្តបន្ទាប់គ្នា
បន្ទាយមានជ័យ៖ ម៉ូតូ ៣គ្រឿង បុកបន្តគ្នា បណ្តាល ឱ្យមនុស្ស ២៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៧-៨ ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច នគរបាល បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូហុងដាទ្រីម ១គ្រឿង បើកបរពីកើតទៅលិចបានបុកម៉ូតូ អ៊ិចសិនទ័រ បើកបរច្រាសទិសគ្នាបណ្តាលឱ្យដួលបន្ទាប់មកមានម៉ូតូម៉ាកហុងដា វេវ មួយគ្រឿងបើកបរពីកើតទៅលិចបានបុកបន្តគ្នា។
សមត្ថកិច្ច បន្តថា ម៉ូតូហុងដាឌ្រីមជិះគ្នា ២នាក់ស្លាប់ទាំង ២នាក់ មាន៖ ១/ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ), ២/ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែកម៉ូតូ អ៊ិចសិនទ័រ ជិះគ្នា ២នាក់ រងរបួសធ្ងន់ទាំង ២នាក់ ៖ ១/ឈ្មោះ ដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ តិក ភេទប្រុស អាយុ១៩ឆ្នាំ មុខ របរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំង ២ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។
ដដោយឡែកម៉ូតូវេវ របួសស្រាលម្នាក់ ១/ឈ្មោះ ឃុន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល)ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ ។
សមត្ថកិច្ច នគរបាលបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនដឹងពីមូលហេតុនោះទេ ពោលគឺស្ថិតក្នុងការស្រាវជ្រាវ។ ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់០២គ្រឿង ម៉ាកហុងដាឌ្រីមនិងម៉ូតូអ៊ិចសិនទ័រ ខូចស្រាល ១គ្រឿងម៉ាកវេវ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រង់ចាំធ្វើការស្រាវជ្រាវពីមូលហេតុនិងដោះសា្រយនៅពេលក្រោយ៕