ភ្នំពេញ៖ ទិដ្ឋភាពនៅក្នុងរាជធានីភ្នំពេញមានលក្ខណៈស្រស់ស្អាត ដែលលម្អទៅដោយផ្កាដើមឈើបៃតងស្រស់បំព្រងអមជាមួយនឹងទង់ជាតិអមតាមសងខាងផ្លូវ។ នេះជាទិដ្ឋភាពរបស់រាជធានីភ្នំពេញដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១០ ខែវិច្ឆិកា តទៅ។
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន លម្អផ្កាចម្រុះពណ៌ ពង្រាយធុងសម្រាម បោសសំអាតបរិស្ថាននៅតាមទីសាធារណៈ និងមានចងទង់ជាតិកម្ពុជា និងទង់ជាតិបណ្តាប្រទេសនានាទៀតនៅមុខវិមានសន្តិភាព តាមដងផ្លូវ និងទីសាធារណៈ។
តាមដងផ្លូវសំខាន់ៗនានាក្នុងរាជធានីភ្នំពេញដែលជាទីតាំងគណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មានការពង្រាយកងកម្លាំងចម្រុះជួរមុខជាង១ម៉ឺននាក់ប្រចាំការ ល្បាត និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនគណៈប្រតិភូរួចជាស្រេច។
ជាមួយគ្នានេះនៅមុខរមណីយដ្ឋានវត្តធំ ក៏មានរៀបចំរចនាខ្លោងទ្វារអាស៊ានឆ្នាំ២០២២ ហើយនៅតាមផ្លូវមួយចំនួនក៏មានការរៀបចំផ្ទាំងប៉ាណូអាស៊ានផងដែរ។
នៅសួនច្បារមុខវិមានសន្តិភាពដែលជាកន្លែងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួនក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន គឺមានការលម្អសោភ័ណដោយផ្កាចម្រុះពណ៌ និងដើមឈើដ៏ស្រស់បំព្រង។ នៅបរិវេណរបងវិមានសន្តិភាពក៏មានចងទង់ជាតិគ្រប់បណ្តាប្រទេសផងដែរ។
នៅតាមដងផ្លូវមួយចំនួន ពោលនៅតាមផ្លូវម៉ៅ សេទុង នៅមុខផ្ទះពលរដ្ឋតាមចិញ្ចើមផ្លូវទាំងសងខាងបានលម្អដោយទង់ជាតិខ្មែរជាច្រើន។ ដោយផ្ទះមួយមានទង់ជាតិខ្មែរមួយ។ ទន្ទឹមនេះនៅទីធ្លាបរិវេណមុខផ្ទះពលរដ្ឋក៏មានការសំអាតអនាម័យបានល្អផងដែរ។
ខណៈកម្ពុជាអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា នៅតាមបណ្តោយផ្លូវមុខបរមរាជវាំងមានពលរដ្ឋមួយចំនួនបានមកអង្គុយកម្សាន្តលេងស្រូបខ្យល់អាកាស និងថតរូបនៅមាត់ទន្លេចតុម្មុខ អមជាមួយពលរដ្ឋជាអាជីវករមួយចំនួនលក់នំចំណីចំណុក។
ជាមួយគ្នានេះនៅតាមផ្ទៃទឹកទន្លេចតុម្មុខ ក៏មានកងកម្លាំងត្រៀមមធ្យោបាយ និងសម្ភារគ្រប់គ្រាន់រួចជាស្រេច ដើម្បីចេញប្រតិបត្តិការការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពលើផ្ទៃទឹកផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានពង្រឹង ដោយមានការអ៊ុតកៅស៊ូថ្មី និងគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនឱ្យបានស្អាតបាត និងជួសជុលផ្លូវសំបុកមាន់មួយចំនួនផងដែរ ដើម្បីត្រៀមទទួលគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ស្ថិតនៅក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្រាជ្ញាថានឹងទទួលស្វាគមន៍គណៈប្រតិភូពីរបណ្ដាប្រទេសជាមិត្តនិងអាស៊ានយ៉ាងកក់ក្ដៅ និងសុវត្ដិភាព។
ផ្លូវមួយចំនួននឹងត្រូវបិទក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ផ្លូវដែលបិទដូចជា ផ្លូវលេខ២១៤, ផ្លូវលេខ៥១, ផ្លូវលេខ២៩៤,ផ្លូវនាគបាញ់ទឹក, វិថីព្រះស៊ីសុវត្ថិ,ផ្លូវលេខ១៧៨ ,មហាវិថីព្រះនរោត្តម, មហាវិថីសម្តេចសុធារស,រង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត និងច្រាំងទន្លេសាបបណ្តោយផ្លូវលេខ១៧៨។
ដើម្បីបញ្ចៀសការកកស្ទះ ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិស ចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។ សម្រាប់យានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះនរោត្តម ត្រូវបង្វែរទិសចរាចរណ៍តាម ផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។
យានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និង ត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០)។
យានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍ តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាម រង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។
ដោយឡែក យានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់ មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ (ផ្លូវលេខ១៦៩តំបន់ បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។
គូសបញ្ជាក់ថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចាប់ថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខណៈកិច្ចប្រជុំកំពូលមួយនេះនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាប្រគល់ញញួរជាប្រធានអាស៊ានជូនប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅឆ្នាំ២០២៣ ខាងមុខនេះ៕