ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាក្នុងដំណើរ១០ឆ្នាំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាកន្លងមកនេះ ក្នុងនាមជាសមាជិកម្នាក់នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លោកពិតជាមានមោទនភាពក្នុងការពាក់ឯកសណ្ឋានមួយនេះ។
លោកបន្ថែមថា ឈ្មោះ និងរូបសញ្ញារបស់ ស.ស.យ.ក. បានក្លាយជានិមិត្តរូបនៃការចូលរួមជាមួយសង្គមរបស់យុវជន ដែលទទួលបានការទទួលស្គាល់ ជឿទុកចិត្ត និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
លោកថា៖ «កត្តានេះបានទាក់ទាញចិត្តយុវជនទូទៅឱ្យចង់ចូលរួមជាមួយ ស.ស.យ.ក. ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសមាជិក សមាជិកាកាន់តែរីកធំធាត់ឥតឈប់ឈរ»។
បើតាមលោក ហ៊ុន ម៉ានី បេសកកម្ម និងសកម្មភាពរបស់ ស.ស.យ.ក. បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងក្នុងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើកិច្ចការសង្គម និងក្នុងការបណ្តុះស្មារតីនេះក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ មូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែល សមាជិក សមាជិកាគ្រប់រូបបានរួមចំណែក និងលះបង់កន្លងមក នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ ស.ស.យ.ក. ក្នុងការបន្តដំណើរឆ្ពោះទៅអនាគតដើម្បីបុព្វហេតុជាតិ មាតុភូមិ៕