សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

មនុស្ស៦នាក់ត្រូវបានទទួលស្គាល់ជាបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ

ភ្នំពេញ៖ អ្នកដឹកនាំកិច្ចការអភិរក្សកម្ពុជាចំនួន ៦នាក់ បានទទួលស្គាល់ជា «បុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ» ដើម្បីធ្វើ សកម្មភាពថែទាំបរិស្ថាន រាប់បញ្ចូលទាំងការអភិរក្សប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ដូចជាផ្សោតទន្លេមេគង្គ ត្រីរាជ កន្ធាយក្បាលកង្កែប និងសកម្មភាពអប់រំផ្សព្វផ្សាយដល់សហគមន៍ក្នុងមូលដ្ឋានពីកិច្ចការពារធនធានដែលមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាទាំងមូល មានជាអាទិ៍ ព្រៃឈើ និងមច្ឆជាតិ។

ថ្លែងក្នុងកម្មវិធីផ្តល់ពានរង្វាន់ដល់បុគ្គលឆ្នើម បានធ្វើឡើងនាថ្ងៃទី៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក ប៉ាទ្រិក ម័រហ្វី W. Patrick Murphy មានប្រសាសន៍ថាសុខុមាលភាពទន្លេគឺមានសារៈសំខាន់សម្រាប់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនានាទូទាំងប្រទេសកម្ពុជា។

លោកថា៖ «ការទទួលស្គាល់ និងបង្ហាញជាសាធារណៈចំពោះអ្នកដឹកនាំគាំពារបរិស្ថាន គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងយើងទាំងអស់គ្នាក្នុងការទទួលខុសត្រូវថែរក្សាសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាលនៃប្រទេសកម្ពុជា»។

មច្ឆវិទូនៃសាកលវិទ្យាល័យណេវ៉ាដា នៃទីក្រុងរីណូ និងជាប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លោកបណ្ឌិត ហ្សេប ហូហ្គេន បានលើកឡើងថាតំបន់ទន្លេមេគង្គ និងពិភពលោកត្រូវការបុគ្គលឆ្នើមដែលធ្វើការងារលើតំបន់ទឹកសាប។

លោកថា៖ «ការងាររបស់បុគ្គលឆ្នើមទាំង៦នេះបានបណ្តុះគំនិតដល់យើងទាំងអស់និងក្រើនរំលឹកយើងពីសារៈសំខាន់នៃការផ្សារភ្ជាប់គ្នារវាងទន្លេ និងជីវិតដែលរស់នៅក្នុងទឹក។ នេះជាកម្មវិធីផ្លូវការក្នុងការទទួលស្គាល់ពីស្នាដៃរបស់បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ និងបង្ហាញខ្សែវីដេអូខ្លីៗដែលបង្កើតឡើងដើម្បីបង្ហាញពីស្នាដៃរបស់បុគ្គលឆ្នើមរបស់យើង។

អ្នកអភិរក្សកម្ពុជាឈានមុខគេចំនួន ៦រូបត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមជំនាន់ទី២ សម្រាប់ឆ្នាំ២០២០-២០២២ រួមមានលោកស្រី ហូយ ស្រីនៅ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា លោក សោម ស៊ីថា ប្រធានគម្រោងមេគង្គ និងស្រែអំបិល នៅសមាគមអភិរក្សសត្វព្រៃ (WCS) លោកស្រី ប៊ុត ច័ន្ទមេត្តា មន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការ WWF ប្រចាំប្រទេសកម្ពុជា។ លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង លោកស្រី លុយ រស្មី នាយិកាប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធ និងលោក ឡោ គឹមសាន មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការ WWF កម្ពុជា។

កម្មវិធីបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គបានផ្តួចផ្តើមឡើងដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីបង្ហាញបុគ្គលគម្រូក្នុងតំបន់ទន្លេមេគង្គ ដែលធ្វើការសិក្សាស្រាវជ្រាវ ការពារ ឬលើកកម្ពស់ចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ជម្រក និងមរតកវប្បធម៌នៅទន្លេមេគង្គដ៏អស្ចារ្យនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក