ប្រធានាធិបតីចិនថ្លែងថា ចិនមិនអាចត្រូវបានអ្នកណាមើលស្រាលឡើយ ក្នុងខួប ១០០ឆ្នាំបក្សកុម្មុយនីសចិន
ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាឱកាសខួបគម្រប់ ១០០ឆ្នាំនៃការកកើតបក្សកុម្មុយនីសចិន (CPC) ថា មហាអំណាចទាំងឡាយនឹងដឹងគ្នា ប្រសិនណាបើហ៊ានបំពាន គំរាមកំហែង ឬរំលោភមកលើប្រទេសចិន។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតទៀតឡើយ ចំពោះការអធិប្បាយលាបពណ៌ប៉ាតណាប៉ាតណីមកលើប្រទេសចិនពីសំណាក់បរទេស ដែលការណ៍នេះត្រូវបានគេដឹងថា លោក Xi ចង់និយាយសំដៅចំពោះសហរដ្ឋអាមេរិកតែម្តង។
កន្លងមក ចិនត្រូវបានបណ្តាប្រទេសមហាអំណាចផ្សេងៗទៀតបានធ្វើការរិះគន់ ដូចជាបញ្ហាការរំលោភបំពានសិទ្ធិមនុស្ស វិបត្តិនយោបាយនៅដែនដីហុងកុងជាដើម។ ដោយឡែកចំពោះទំនាក់ទំនងអន្តរជាតិវិញ ជាពិសេសជាមួយសហរដ្ឋអាមេរិកមិនមានភាពល្អប្រសើរសម្រាប់មួយរយៈកាលក្រោយនេះ ជាពិសេសជុំវិញកិច្ចសហការពាណិជ្ជកម្ម ចារកម្ម រួមទាំងការសាចទឹកដាក់គ្នាលើបញ្ហាវិបត្តិរាតត្បាតសកលកូវីដ-១៩។
បញ្ហាទៅលើកោះតៃវ៉ាន់ ក៏ត្រូវបានគេសម្លឹងឃើញថាជាប្រភពនៃភាពតានតឹងមួយផងដែរ សម្រាប់រដ្ឋាភិបាលចិន ដោយតៃវ៉ាន់ជានិច្ចកាលតែងតែបង្ហាញអាកប្បកិរិយាងាកចេញពីការគ្រប់គ្រងរបស់ចិន ហើយបែរមុខទៅរកអាមេរិក ដោយអះអាងថាខ្លួនគឺដែនដីដែលមានអធិបតេយ្យភាពគ្រប់គ្រាន់មួយ ខណៈចិនវិញតែងតែចាត់ទុកតៃវ៉ាន់គឺជាខេត្តមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ កន្លងមក អាមេរិកតែងតែលូកដៃជានិច្ចពាក់ព័ន្ធនឹងដែនកោះតៃវ៉ាន់នេះ ថែមទាំងអះអាងផងដែរថា ខ្លួននឹងនៅពីក្រោយលើការផ្តល់សព្វាវុធតបតវិញ ប្រសិនណាចិនប្រើប្រាស់កម្លាំងហួសហេតុមកលើកោះតៃវ៉ាន់។
នៅថ្ងៃខួប ១០០ឆ្នាំបក្សកុម្មុយនីសចិននេះដែរ លោក Xi ក៏បញ្ជាក់ពីការប្តេជ្ញាយ៉ាងមោះមុតបំផុត ក្នុងការបង្រួបបង្រួមដែនដីតៃវ៉ាន់ជាមួយចិន ក្រោយគោលនយោបាយ "ចិនតែមួយ"។ លោកបានលើកឡើងផងដែរថា៖ "គ្មានអ្នកណាម្នាក់អាចប៉ាន់ស្មាននូវមធ្យោបាយ ឆន្ទៈ និងសមត្ថភាពរបស់ចិន ទៅលើការការពារអធិបតេយ្យ ការបង្រួបង្រួមជាតិ និងបូរណភាពទឹកដីរបស់យើងបានឡើយ"៕