Update : ផាកពិន័យម្នាក់ៗ៥លានរៀលលើបុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ក្រោយចេញសារភាពកំហុសនិងធ្វើកិច្ចសន្យា
(ភ្នំពេញ)៖ បុរស២នាក់ម្នាក់ ឈ្មោះ ហួ ធឹម អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរមា្នក់ទៀត ឈ្នោះ ពិន នាត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានថតឡាយវីដេអូក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរដែលបំពានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលនេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ។
លុះដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលើ បានចូលខ្លួនទៅទទួលកំហុស និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងបានធ្វើកិច្ចសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពើមបែបនេះទៀតហើយ។
ក្រោយការសុំទោសដោយថតជាវីដេអូចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសទាំងពីរនាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រា១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានធ្វើកិច្ចសន្យា និងត្រូវបានសមត្ថកិច្ចផាកពិន័យក្នុងម្នាក់៥លានរៀល ក្រោយត្រូវបានឃាត់ខ្លូន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១៕