ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញជិញ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី០៨-០៩ ខែវិច្ឆិកាខាងមុខនេះ។ ថ្នាក់ដឹកនាំវៀតណាមអញ្ជើញមកកម្ពុជាតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាមក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា វិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។
នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
បន្ថែមពីនេះ លោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។
គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលើកនេះ គឺស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»៕