ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា លោក Mohammad Al-Hajri ឱ្យដឹងថា ក្នុងបេសកកម្មការទូតមកកាន់កម្ពុជា លោកនឹងខិតខំពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ក្នុងជំនួបពិភាក្សា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមពីសំណាក់ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតនៃប្រទេសកូវ៉ែត ប្រចាំកម្ពុជាលោក Mohammad Al-Hajri ឱ្យដឹងថា៖ «ក្នុងបេសកកម្មការទូតមកកាន់កម្ពុជា លោក Al-Hajri នឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង»។
ក្នុងនោះ លោកមានប្រសាសន៍ថា នឹងជំរុញការអនុវត្តលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលធ្លាប់មានកន្លងមក ដូចជា កិច្ចព្រមព្រៀងលើការហោះហើរត្រង់ ការផ្ដល់ការងារដល់កម្ពុជាដើម្បីធ្វើការនៅប្រទេសកូវ៉ែត ពាណិជ្ជកម្មស្បៀងអាហារ។ល។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា ក៏បានអរគុណដល់សម្ដេចតេជោដែលបានចំណាយពេលដ៏មមាញឹកសម្រាប់ការទទួលជួប និងជូនពរដល់ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងសាទរ ចំពោះលោក Mohammad Al-Hajri ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញប្រចាំកម្ពុជា និងការប្ដេជ្ញាចិត្តក្នុងការពង្រីកពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ដល់ជាអនុសាសន៍ដល់លោក Mohammad Al-Hajri ថាគប្បីពិនិត្យមើលលើវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរអាចនឹងធ្វើការសហការគ្នាបន្ថែម ដោយថាប្រទេសកូវេតមានថាមពល ចំណែកឯប្រទេសកម្ពុជាមានស្បៀងអាហារ ដែលវិស័យទាំងពីរនេះ នឹងជំរុញពាណិជ្ជកម្មដើម្បីបំពេញលក្ខណៈឱ្យគ្នាទៅវិញទៅមកផងដែរ៕