នាយករដ្ឋមន្ត្រីបង្ហាញនាឡិកាដែលផលិតនៅកម្ពុជាសម្រាប់ជូនដល់មេដឹកនាំពិភពលោកក្នុងពេលប្រជុំអាស៊ានខាងមុខ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីនាឡិកាដែលផលិតនៅកម្ពុជា ដោយថាសម្រាប់ជូនដល់មេដឹកនាំពិភពលោក និងប្រធានអង្គការអន្តរជាតិដែលបានចូលប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេករបស់សម្ដេចនៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា នាឡិកាទាំងនេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា។
សម្ដេចតេជោសរសេរថា៖ «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិង បច្ចេកទេសរបស់កម្ពុជា (ខ្មែរធ្វើបាន)»។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១១ ខែតុលា ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាសម្ដេចបានបញ្ជាឲ្យក្រុមហ៊ុនផលិតនាឡិកាក្នុងស្រុកឱ្យធ្វើនាឡិកាចំនួន ២៥គ្រឿង សម្រាប់ចែកជូនដល់ប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំអាស៊ាននៅក្នុងខែវិច្ឆិកាខាងមុខ។
កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងប្រព្រឹត្តិទៅពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បើតាមការប្រកាសរបស់សម្ដេចតេជោ សម្ដេចក៏នឹងពាក់នាឡិការអាស៊ាននេះក្នុងកិច្ចប្រជុំកំពូលនោះដែរ៕