ទីក្រុងម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេចបាននូវគោលដៅអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេស ស្តីពីឱកាសសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System - BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ក្នុងនោះ ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង ១០០មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។
ជាមួយគ្នា គម្រោងសាកល្បងនេះត្រូវបានគេរំពឹងថានឹងប្រមូលទុនបានរហូតដល់ ១០០លានដុល្លារអាមេរិកនិងធ្វើជាគំរូក្នុងការពង្រីកវិសាលភាពការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ និងឆាប់រហ័សក្នុងប្រទេសកម្ពុជា។
គួរឱ្យដឹងថា ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់ នេះគឺដើម្បីស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងក្នុងប្រទេស តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។
មួយវិញទៀត គន្លឹះនៃយុទ្ធសាស្ត្រនេះ គឺការទាញយកធនធានពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាដែលការរួមចំណែករបស់ថាមពលព្រះអាទិត្យនេះបានកើនឡើងជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១២% នៅចុងឆ្នាំ ២០២១។
យ៉ាងណាមិញ ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB អ្នកស្រី F. Cleo Kawawaki ឱ្យដឹងថា តាមរយៈកម្មវិធីនេះ វានឹងជួយកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពលដោយការទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក។ ក៏ដូចជាការគាំទ្រ ការដេញថ្លៃប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អ ដែលនឹងទាក់ទាញការប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
លោកស្រីថា៖ «ADB រីករាយក្នុងការគាំទ្រការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ចស្អាតប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់គោលនយោបាយក្នុងផែនការ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល»។
តាមយរយៈផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ក្នុងការទទួលស្គាល់សក្តានុពលពង្រីកបន្ថែមនូវសមត្ថភាពនៃថាមពលពន្លឺព្រះអាទិត្យ PV កម្ពុជាបានរំពឹងនឹងធ្វើការផលិតឱ្យ លើសពី ៣ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៤០ ដោយសារការរួមចំណែកនៃថាមពលពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អស្ថិរភាពបណ្តាញតាមរយៈការអនុម័ត BESS ។
គួរបញ្ជាក់ថា អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជា រួមមាន ឧទ្យានជាតិសូឡាដំបូងបង្អស់របស់ប្រទេស មានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១០០មេហ្គាវ៉ាត់។ ក្នុងនោះ កម្មវិធីនេះក៏នឹងផ្អែកលើគម្រោង BESS ដែលអនុវត្តដោយ EDC ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB ផងដែរ៕