ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបញ្ជាក់ថា កម្ពុជាគ្រោងបញ្ជូនគ្រូជំនាញបោសសំអាតមីនទៅបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេសអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន EAC តាមទូរសព្ទនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា អគ្គនាយក CMAC បានបញ្ជាក់ថា កម្ពុជាគ្រោងបញ្ជូនគ្រូបច្ចេកទេសដោះមីនទៅបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែនចំនួន ២ក្រុម ដោយក្រុមទី១ នឹងទៅនៅដើមខែធ្នូខាងមុខនេះ និងក្រុមទី២ នឹងទៅនៅត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ហេង រតនា បាននិយាយថា៖ «យើងគ្រោងបញ្ជូនទៅនៅដើមខែធ្នូ តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ គឺត្រូវពិភាក្សាសម្រេចតទៀត»។
បើតាមលោកអគ្គនាយក CMAC ការបញ្ជូនគ្រូជំនាញបោសសំអាតមីនរបស់កម្ពុជាទៅហ្វឹកហ្វឺនអ្នកដោះមីនរបស់អ៊ុយក្រែន គឺ CMAC មានការសហការជាមួយដៃគូជប៉ុន ដើម្បីធានាសុវត្ថិភាពដល់អ្នកជំនាញដោះមីនរបស់កម្ពុជានៅប្រទេសអ៊ុយក្រែន។
លោកអះអាងថា៖ «យើងបញ្ជូនគ្រូបង្គោលទៅហ្វឹកហ្វឺនអ្នកនៅទីនោះ (អ៊ុយក្រែន) តែកន្លែងណាមានសុវត្ថិភាពប៉ុណ្ណោះ យើងមិនមែនទៅជួយដោះមីននៅកន្លែងដែលមានគ្រោះថ្នាក់ឡើយ គឺយើងទៅបណ្តុះបណ្តាលអំពីជំនាញដោះមីនប៉ុណ្ណោះ»។
បេសកកម្មដ៏សំខាន់មួយនេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសន្យាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថាកម្ពុជានឹងបញ្ជូនអ្នកបច្ចេកទេសដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមបើកប្រតិបត្តិការឈ្លានពាន ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ទៅលើប្រទេសអ៊ុយក្រែន ក្រោយពីមានការប្រកាសសង្គ្រាមដោយលោកប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។
បើតាមរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បច្ចុប្បន្នសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នៅបន្តអូសបន្លាយដែលបណ្តាលឱ្យជនស៊ីវិលអ៊ុយក្រែនជាង ៦ពាន់នាក់បាត់បង់ជីវិត និងរងរបួសចំនួនជាង ៩ពាន់នាក់។ ជាមួយគ្នានេះខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ដាច់ចរន្តអគ្គិសនី ដាច់ទឹក មានវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោកផងដែរ។ ខណៈបច្ចុប្បន្នប្រទេសអាស៊ានកំពុងតែខិតខំរកដំណោះស្រាយដោយសន្តិវិធីគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីឱ្យប្រទេសមួយនេះមានសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍឡើងវិញ៕