ក្រសួងសាធារណការប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបតម្លៃ ៨០ម៉ឺនដុល្លារត្រួតពិនិត្យស្ថានភាពស្ពានព្រែកតាមាក់
កណ្តាល៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រុមការងារ និងក្រុមអ្នកជំនាញ ចុះទៅត្រួតពិនិត្យស្ថានភាពស្ពានព្រែកតាមាក់ដែលស្ថិតក្នុងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងដំណើរចុះទៅត្រួតពិនិត្យគុណភាពស្ពានព្រែកតាមាក់ ក្រសួងសាធាណការ បានប្រើប្រាស់រថយន្តដែលភ្ជាប់នឹងម៉ាស៊ីនទំនើបមួយគ្រឿងដែលមានតម្លៃ ៨០ម៉ឺនដុល្លារ អាចត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃផ្នែកខាងក្រោមស្ពាន (បាតស្ពាន) ថាតើមានការប្រេះស្រាំ ឬទ្រុឌទ្រោម ឬអត់ ដើម្បីជួសជុលបានទាន់ពេលវេលា។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសាធារណការបានបញ្ជាក់ថា ក្រោយពីប្រើប្រាស់ម៉ាស៊ីនទំនើបនោះត្រួតពិនិត្យស្ពានរួចមក ស្ពានមានការប្រេះស្រាំបន្តិចបន្តួច ហើយលោកក៏បានប្រាប់ក្រុមហ៊ុនសាងសង់ស្ពានសៀងហៃឱ្យជួសជុលស្ពាននេះឡើងវិញផងដែរ។
សូមរំលឹកថាស្ពានព្រែកតាមាក់ត្រូវបើកការដ្ឋានបានសាងសង់ឡើងនៅឆ្នាំ២០០៧ ហើយដាក់ឱ្យប្រើបាស់ជាផ្លូវការនៅឆ្នាំ២០១១ ដោយចំណាយថវិកាសាងសង់ចំនួន ៤៤លានដុល្លារ ក្នុងនោះ ៤២លានដុល្លារជាកម្ចីពីចិន និងជាង ២លានដុល្លារជាថវិការបស់រដ្ឋ។ ស្ពានមួយនេះមានប្រវែងជាង ១ពាន់ម៉ែត្រ និងមានទទឹងជាង ១៣ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នកម្ពុជាមានម៉ាស៊ីនគ្រប់គ្រាន់សម្រាប់ត្រួតពិនិត្យ និងជួសជុលគុណភាពស្ពាន ប៉ុន្តែកម្ពុជានៅខ្វះធនធាននៅឡើយ។ ខណៈបច្ចុប្បន្នក្រសួងជួលអ្នកជំនាញបរទេសមកជួសជុលហេដ្ឋរចនាសម្ព័ន្ធស្ពាន និងផ្លូវ។
តែយ៉ាងណាលោកថា ក្រសួងសាធារណការបានបង្កើតវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូនដើម្បីបណ្តុះបណ្តាលឱ្យនិស្សិតសិក្សាអំពីជំនាញការសាងសង់ផ្លូវ ស្ពាន និងកំពង់ផែជាដើម។
លោករដ្ឋមន្ត្រីក្រសួងសាធារណការសង្ឃឺមថា នៅ១០ឆ្នាំខាងមុខទៀតនេះ កម្ពុជាអាចមានលទ្ធភាពសាងសង់ស្ពានដោយខ្លួនឯងបានហើយ៕