ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី ប៉ុន្តែកម្ពុជាបើកចំហសេដ្ឋកិច្ចខ្ពស់ តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកលដែលរួមគ្នាស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប។
ថ្លែងក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាស្វាគមន៍នឹងចង់បង្កើតជានិច្ចនូវតំបន់ពាណិជ្ជកម្មសេរីទោះបីជាកម្ពុជាស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចក្ដី។
សម្ដេចបានបន្ថែមថា ក្រៅពីកម្ពុជាចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កម្ពុជាក៏ចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជានិងចិនផងដែរ។ ជាមួយគ្នានេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េ ក៏នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
សម្តេចតេជោ បន្តថា កម្ពុជាក៏នឹងកំពុងបន្តត្រួតពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀតផងដែរ។
ការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា កម្ពុជានៅដើមឆ្នាំ២០២២ នេះ ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមពី២ភាគរយ ទៅ៣,៨ភាគរយ។ ជាមួយគ្នានេះការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤ ទៅ ១៨ភាគរយ។ បន្ថែមពីនេះ ឱកាសការងារប្រចាំឆ្នាំអាចនឹងកើនឡើង ៣,២ភាគរយ ទៅ ៦,២ភាគរយ។ ទន្ទឹមនេះចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយ ក្នុងមួយឆ្នាំ ខណៈការវិនិយោគជារួមអាចនឹងកើនឡើង ២៣,៤ភាគរយផងដែរ៕