សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

នាយករដ្ឋមន្ត្រីកម្ពុជាជំរុញការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងអាហារូបត្ថម្ភឱ្យមានការរីកចម្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ម្ហូបអាហារមានសុវត្ថិភាព គឺពិតជាផ្តល់សារសំខាន់សម្រាប់សុខភាព។ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ សន្តិសុខ ស្បៀង និងអាហារូបត្ថម្ភឱ្យមានការរីកចម្រើនជាប្រព័ន្ធ រាជរដ្ឋាភិបាលបានផ្ដល់អនុសាសន៍ចំនួន៨ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត។

គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ នឹងវិធានអនាម័យ សុវត្ថិភាព គុណភាព និងភាពសមស្របនៃម្ហូបអាហារ រួមទាំងម្ហូបអាហារដាក់លក់តាម ដងផ្លូវ និងតាមគ្រឹះស្ថានសិក្សាដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងពង្រឹងការ អនុវត្តច្បាប់នេះ ដោយត្រូវមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយនឹងវិស័យឯកជន និងដៃគូអភិវឌ្ឍ។

គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យពីតម្រូវការនៃការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ស្របតាមបទប្បញ្ញត្តិបច្ចេកទេស ម្ហូបអាហារ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពរូបអាហារ។

គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅដល់ កន្លែងបរិភោគ» ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីជួយសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធី ជាតិសម្រាប់ការអនុវត្ត និងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្ម ម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយ ជាសាធារណៈ និងមានការចូលរួមពីភាគីពាក់ព័ន្ធនិងអ្នកប្រើប្រាស់។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវសហការជាមួយនឹងតួអង្គពាក់ព័ន្ធ រៀបចំ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅរៀងរាល់ថ្ងៃទី៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុបនៃសុវត្ថិភាពម្ហូបអាហារចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ត្រូវរួមសហការ ជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តន៍ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធ ស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។

គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ត្រូវចូលរួមបំផុសស្មារតីគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុង ៦ខែដំបូង និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូតដល់កុមារអាយុយ៉ាងតិចបំផុត២ឆ្នាំ។

ជាមួយគ្នានេះ បណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសារសំខាន់ នៃសុវត្ថិភាពម្ហូបអាហារជូនដល់សាធារណជនឱ្យបានយល់ដឹង និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

ជាមួយគ្នានេះសម្តេចតេជោក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូប រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្ម ម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាមគ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ។

ទន្ទឹមនេះត្រូវចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារ ស្រស់និងឆ្អិនស្រាប់ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្ដង់ដារបច្ចេកទេស និង លក្ខខណ្ឌតម្រូវស្តីពីអនាម័យនិងសុវត្ថិភាពម្ហូបអាហារ។

ព្រមទាំងយកចិត្តទុកដាក់រក្សាអនាម័យទាំងកន្លែងចម្អិនម្ហូបអាហារ កន្លែងបរិភោគ កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងលាងសម្អាតសម្ភារដែលប្រើប្រាស់ក្នុងការរៀបចំម្ហូបអាហារមុននឹងយកមកប្រើប្រាស់ និងត្រូវយកចិត្តទុកដាក់ ពិនិត្យលើវត្ថុធាតុដើម ម្ហូបអាហារដែលអាចហូបបានភ្លាមៗ ជាពិសេសបន្លែនិងផ្លែឈើស្រស់ៗ ដោយត្រូវលាងសម្អាតឱ្យបានល្អ និងត្រូវចម្អិនម្ហូបអាហារពីសាច់សត្វឱ្យបានឆ្អិនល្អមុននឹងបរិភោគ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក