ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនិងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្ដូររបៀបរបបរស់នៅ និងការហូបចុក ដោយផ្លាស់ប្ដូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាពវិញ។
ក្នុងសារលិខិតដែលសម្តេចតេជោថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៩ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមបច្ចុប្បន្នមានការរីកចម្រើនទើបជំរុញឱ្យរាជរដ្ឋាភិបាលជ្រើសរើសប្រធានបទនេះដើម្បីសាទរការប្រកាសឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក កាលពី ខែមិថុនាកន្លងមក។
សម្តេចតេជោថា៖ «សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការ ចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០»។
យោងតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះពី ៣២ភាគរយ មកត្រឹម ២២ភាគរយ។
ចំពោះអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះពី ២៤ភាគរយមកត្រឹម ១៦ភាគរយ ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩,៨ភាគរយ ពោលចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងម្ហូបអាហារប្រកបដោយ គុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
គូសបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕