កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក នេត ភក្ត្រា ថាកម្ពុជាជាប្រទេសឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ថាកម្ពុជាជាប្រទេសឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសញ្ញាផ្សេងៗស្តីពីការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងការងារពាក់ព័ន្ធនឹងការថែទាំបរិស្ថាន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា ឱ្យដឹងថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពផ្សេងៗស្របទៅនឹងអនុសញ្ញា និងសកម្មភាពថែទាំបរិស្ថាន ដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាឈានមុខគេនៅលើឆាកអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «កេរ្តិ៍ឈ្មោះរបស់កម្ពុជារបស់យើងនៅលើឆាកអន្តរជាតិនៅក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុគឺកម្ពុជារបស់យើងឈានមុខគេ»

អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះបានបន្តថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែក៏ជាប្រទេសមួយដែលមានផែនការច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាខាងលើនេះថែមទៀត។

លោកថា៖ «រាល់ពេលដែលអង្គការសហប្រជាជាតិបានកំណត់អំពីការរៀបចំផែនការគឺកម្ពុជារបស់យើងតែងតែឈានមុខនៅក្នុងការរៀបចំផែនការ និងផ្តល់ឱ្យមុនគេ ហើយជារបាយការណ៍មួយដែលត្រូវបានទទួលថាពិតប្រាកដ»

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថានបានសហការជាមួយនិងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយផ្នែកបរិស្ថាន ស្របពេលដែលបណ្តាប្រទេសជាច្រើនកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ មានចក្ខុវិស័យធ្វើយ៉ាងណាឱ្យតំបន់អាស៊ានមានភាពបៃតង និងស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលស្អាត និងកិច្ចការផ្សេងៗទៀត។

លោកបន្ថែមថា៖ «ធ្វើយ៉ាងម៉េចឱ្យតំបន់អាស៊ានមានភាពបៃតង និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ»

គួរបញ្ជាក់ថា ផលប៉ះពាល់ចម្បងបំផុតនៃការប្រែប្រួលអាកាសធាតុ គឺកំណើននៃគ្រោះធម្មជាតិ និងបាតុភូតអាកាសធាតុខុសប្រក្រតី។ គ្រោះធម្មជាតិដែលបាននិងកំពុងកើតមាននៅក្នុងពិភពលោក រួមមានដូចជា ព្យុះសង្ឃរា ភ្លៀងធ្លាក់ខុសរដូវ គ្រោះរាំងស្ងួត ទឹកជំនន់ សីតុណ្ហភាពខុសប្រក្រតី និងភ្លើងឆេះព្រៃបង្កដោយអាកាសធាតុក្តៅខ្លាំងជាដើម។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារមនុស្សធម៌អ.ស.ប.បានកត់សម្គាល់ថា នៅក្នុងរយៈពេល ២០ឆ្នាំ គិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ គ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោកទាំងមូលបានកើនឡើង ៨៣ភាគរយ បើធៀបនឹងរយៈពេល ២០ឆ្នាំមុន (ឆ្នាំ១៩៨០-១៩៩៩)។ ក្នុងនោះគ្រោះទឹកជំនន់កើនឡើង ១៣៤ភាគរយ ចំណែកគ្រោះធម្មជាតិដែលកើតឡើងដោយសីតុណ្ហភាពខុសប្រក្រតី កើនឡើងរហូតដល់ទៅ ២៣២ភាគរយ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក