ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ ឆ្លើយតបទៅអ្នកប្រតិកម្មចំពោះការតែងតាំង លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ មកជារដ្ឋមន្ត្រីកសិកម្ម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបទៅអ្នកដែលប្រតិកម្មចំពោះការតែងតាំងមន្ត្រីខុសជំនាញ គឺលោក ឌិត ទីណា ពីរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល មកជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាយករដ្ឋមន្ត្រីទទួលបានមតិរិះគន់ថា ការដូររដ្ឋមន្ត្រីក្រសួងកសិកម្ម មិនមានតម្លាភាពឡើយ។ សម្តេចបានឆ្លើយតបទៅវិញថា៖«ខ្ញុំអត់ត្រូវការឆ្លងកាត់ពីអ្នកឯងទេ ហើយនៅប៉ុន្មានថ្ងៃនេះ វាដូចជាផ្តល់ឱកាសសម្រាប់បំភ្លឺរបស់មនុស្សមួយចំនួនដែលជំទាស់នឹងការធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញរបស់យើង»

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៦ពាន់នាក់នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងថា សម្តេចមិនខ្វល់ពីការរិះគន់ថារើសមន្ត្រីមិនមានជំនាញកសិកម្មមកកាន់តំណែងរដ្ឋមន្ត្រីកសិកម្មនោះទេ អ្វីដែលសំខាន់ គឺអ្នកនោះជាអ្នកដឹកនាំ និងចេះប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។

សម្តេចតេជោបានដាស់តឿន ដល់អ្នកវិភាគមួយចំនួន កុំឆាប់វាយតម្លៃរហ័សពេក ហើយសម្តេចក៏បាននិយាយថា កុំគិតថាទាល់តែអ្នកមានជំនាញកសិកម្មទើបអាចស័ក្តិសមនឹងតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម។

ជាមួយគ្នានេះ សម្តេចក៏បានរិះគន់ដល់មន្ទីរកសិកម្មនីមួយៗមិនមានការដាំដើមឈើ និងដាំបន្លែបង្ការអ្វីទាល់តែសោះ ចាញ់ជាងសាលារៀនទៅទៀត។ លើសពីនេះ សម្តេចក៏បានរិះគន់ដល់អ្នកជំនាញកសិកម្ម តែមិនដែលបានដាំអ្វីបានហូបទាល់តែសោះ ហើយថែមទាំងជំពាក់រោងកិនស្រូវគេទៀត។

លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ក្នុងសំឡេង ១១១ លើ ១១១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក