ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយពាណិជ្ជកម្មបែបភូតកុហក និងបំភាន់ការពិត
ភ្នំពេញ៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងម្តងទៀតថានឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមានលើបុគ្គលផ្សព្វផ្សាយពាណិជ្ជកម្មណាដែលមានការភូតកុហក និងបំភាន់ការពិត។
គ.ជ.ក.ប ចាត់ទុកថាការផ្សព្វផ្សាយពាណិជ្ជកម្មបែបបំភាន់ការពិតនេះ អាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
សេចក្តីជូនដំណឹងបានបញ្ជាក់ឱ្យដឹងថា កន្លងមក គ.ជ.ក.ប ធ្លាប់បានកំណត់រយៈពេល ៣០ថ្ងៃ ពោលចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ឱ្យបុគ្គលផ្សព្វផ្សាយពាណិជ្ជកម្មដែលទទួលបានសិទ្ធិក្នុងការផ្សាយពាណិជ្ជកម្ម កែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មក៏បានកោះហៅក្រុមហ៊ុន សហគ្រាស ចំនួន ១៩ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា មកប្រជុំនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុន សហគ្រាសធ្វើការបំភ្លឺ និងផ្តល់អំណះអំណាងបន្ថែមលើខ្លឹមសារនៃអត្ថបទផ្សាយពាណិជ្ជកម្មចំពោះផលិតផលនិងសេវារបស់ខ្លួន ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។
ប៉ុន្តែបច្ចុប្បន្ននេះ គ.ជ.ក.ប នៅតែសង្កេតឃើញថា បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែមិនទាន់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ។
គ.ជ.ក.ប បានប្រាប់ឱ្យបុគ្គលផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធនឹងការផ្សាយ ពាណិជ្ជកម្ម ផ្តល់ រង្វាន់ និងកែតម្រូវសកម្មភាព និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ។
ក្នុងករណីថា នៅតែមិនអនុវត្តមានការណែនាំនេះទេ ហើយបើនៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត ជាបន្តទៀត គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបុគ្គលផ្សាយពាណិជ្ជកម្មទាំងអស់នឹងអនុវត្តតាម ដើម្បីជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់និងសង្គមជាតិទាំងមូល៕