បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ រកឃើញចំណុចខ្វះខាតមួយចំនួនក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលរួមមានភាពខ្វះចន្លោះក្នុងការអនុវត្តនីតិវិធីរដ្ឋបាលក្នុងការគ្រប់គ្រងធនធានមនុស្ស ខ្វះខាតការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមិនទាន់គ្រប់ជ្រុងជ្រោយ។
ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថា ចំណុចទាំងបីនេះគឺអាចចាត់ទុកជាភាពខ្វះចន្លោះតិចតួច និងអាចកែតម្រូវបាន ខណៈក៏មានចំនួនល្អមួយចំនួនផងដែរដូចជាមានប្រព័ន្ធលើកទឹកចិត្តល្អ ការគ្រប់គ្រងបើកផ្ដល់ប្រេងឥន្ធនៈ និងទូទាត់ចំណាយផ្សេងៗបានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត ក៏បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការទទួលបានលទ្ធផលល្អ និងថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរងទទួលការងារទាំង១៣ផែន លោកអធិការនគរបាលក្រុង ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចការពារទាំង៤ ដែលបានសហការជាមួយក្រុមការងារសវនកម្មរហូតដល់បានលទ្ធផលគួរជាទីគាប់ចិត្ត។ មួយវិញទៀត រាល់កំហុសឆ្គងដែលក្រុមការងាររកឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀតឲ្យកាន់តែមានភាពល្អប្រសើរ នៃការចងក្រងឯកសារដែលពាក់ព័ន្ធ៕