ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក នេត សាវឿន បានចែករំលែកនូវកត្តា ៥ចំនុចសំខាន់ ក្នុងការជំរុញនិងលើកកម្ពស់វិស័យកីឡាបាល់ទះនៅកម្ពុជា ឱ្យកាន់តែមានគុណភាពខ្ពស់។
ថ្លែងក្នុងពិធីបិទព្រឹត្តិការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅទីលាននៃកីឡដ្ឋានបាល់ទះព្រីនស៍ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក នេត សាវឿន ឱ្យដឹងថា ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទះនៅកម្ពុជា ឱ្យកាន់តែមានគុណភាពខ្ពស់នោះ គឺត្រូវផ្ដោតលើការងារសំខាន់ៗមួយចំនួន។ ក្នុងនោះ លោកបានអំពាវនាវដល់ក្រុមការងារពិនិត្យមើល និងកែលម្អចំណុចខ្វះខាត ដែលបានកើតមានក្នុងអំឡុងពេលរៀបចំការប្រកួតនេះ ឬបញ្ហាផ្សេងៗ ដើម្បីឆ្ពោះទៅការប្រកួតអន្តរជាតិនៅពេលបន្តបន្ទាប់។
មួយវិញទៀត សម្រាប់ក្រុមកីឡាករ ដែលទទួលបានជ័យលាភីត្រូវបន្តពង្រឹងការហ្វឹកហាត់បន្ថែមទៀត ក៏ដូចជា ចំពោះក្រុមកីឡាករមិនទាន់ទទួលបានជ័យលាភី លោកថា កុំទាន់បាក់ទឹកចិត្ត ដោយត្រូវប្រឹងប្រែងបន្ថែមទៀត។ ជាពិសេស ត្រូវយកចំណុចខ្វះខាតរបស់ខ្លួននាពេលនេះ ទៅកែលម្អដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពេលក្រោយ។
ជាមួយគ្នានោះ គ្រូបង្វឹកត្រូវយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវនូវបច្ចេកទេស និងបទពិសោធន៍ល្អៗពីបណ្ដាប្រទេសដែលខ្លាំងផ្នែកវិស័យកីឡាបាល់ទះ ដើម្បីចែករំលែកដល់កីឡាករ កីឡាការិនីឱ្យកាន់តែមានសមត្ថភាពខ្ពស់។ចំណែកឯ កីឡាករ កីឡាការិនី ត្រូវគោរពវិន័យក្នុងការហ្វឹកហាត់សំដៅលើកកម្ពស់គុណភាពកីឡាបាល់ទះកម្ពុជាបន្ថែមទៀត។
ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក នេត សាវឿន ឱ្យដឹងបន្ថែមថា កីឡាករ ដែលទទួលបានជ័យលាភី នឹងមិនត្រូវភ្លេចខ្លួន ពោលគឺត្រូវអភិវឌ្ឍខ្លួនបន្ថែមដើម្បីទទួលលទ្ធផលក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះ លោកក៏បានស្នើដល់ស្នងការរាជធានី-ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខិតខំកៀរគររកដៃគូសហការដើម្បីជួយឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកា ដើម្បីបម្រើឲ្យការហ្វឹកហាត់ដល់ក្រុមកីឡាករបាល់ទះជាប់ជាប្រចាំ និងស្នើឲ្យគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវតាមដានក្លឹប ឬសមាគមបាល់ទះ ដែលបានចុះឈ្មោះលេងពានរង្វាន់ធំៗក្នុងស្រុកជាប្រចាំផងដែរ។
គួរបញ្ជាក់ថា កម្មពិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា និងសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក លាង ឃុន សហស្ថាបនិក ក៏ដូចជា សមាជិក សមាជិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងទស្សនិកជនចូលរួមយ៉ាងច្រើនកុះករទៀតផងដែរ។
គួរឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ប្រព្រឹត្តទៅ ក្នុងគោលបំណង លើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែមានគុណភាពខ្ពស់ ដើម្បីឈានទៅរកស្តង់ដារកម្រិតពិភពលោក ក៏ដូចជា ដើម្បីធ្វើឲ្យយុវជនមានសុខភាពល្អ និងចាកឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខ ឬអំពើខុសច្បាប់នៅក្នុងសង្គម ក៏ដូចជាការបង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសការជ្រើសរើសកីឡាករឲ្យចូលជាជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងដើម្បីពង្រឹង ក្រុមជម្រើសជាតិ ឆ្ពោះទៅការឈ្នះមេដាយនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងប្រកួតអន្តរជាតិនានា៕